នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) ដឹកនាំដោយឯកឧត្តមមេធាវី សួន វិសាល ជាប្រធានគណៈមេធាវី និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំដោយឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបើកកិច្ចប្រជុំមួយដោយសម្រេចស្នើឲ្យមានការបញ្ចប់វិវាទផ្ទាល់ខ្លួនរវាងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងក្រុមសមាជិក សមាជិកាគណៈមេធាវីចំនួន៦១នាក់ ដោយសន្តិវិធី និងយោគយល់គ្នាក្នុងកម្រិតខ្ពស់បំផុត ។
មិនទាន់បានដឹងថា វិវាទផ្ទាល់ខ្លួនរវាងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងក្រុមសមាជិក សមាជិកាគណៈមេធាវីចំនួន៦១នាក់នោះ នឹងត្រូវដោះស្រាយសម្របសម្រួលបញ្ចប់វិវាទតាមរបៀបណានៅឡើយទេ ។
គួររំលឹកជូនថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ សមាជិក សមាជិកាគណៈមេធាវី ចំនួន៦១នាក់ បានចុះហត្ថលេខារួមគ្នាដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទជេរប្រមាថជាសាធារណៈ ប្រព្រឹត្តនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នៅរាជធានីភ្នំពេញតាមបណ្តាញទំនាក់ទំនងសង្គម Facebook