ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា នេះ គណៈកម្មការមួយរបស់គណៈមេធាវី ត្រូវបានបង្កើតឡើង ដើម្បីបន្តនីតិវិធីករណីលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងពន្ធដារ ដែលប្រមាថថា មេធាវីជាសត្វគោ ។គណៈកម្មការមួយនេះរួមមាន៖លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី ជាប្រធានគណៈកម្មការ និង លោកមេធាវី ជូ ចាន់ធារ៉ា លោកមេធាវី សាំង វណ្ណះ លោក
មេធាវី ឈី សម្បត្តិ និង លោកមេធាវី លឹម ច័ន្ទលីដា ជាសមាជិកគណៈកម្មការ ។នេះបើតាមលោក យឹម សារី អ្នកនាំពាក្យគណៈមេធាវី បានឲ្យដឹង។
លោក យឹម សារី បន្តថា គណៈមេធាវីមានគោលជំហរយ៉ាងមុតមាំ ដើម្បីការពារផលប្រយោជន៍វិជ្ជាជីវៈ មិនអាចឲ្យនរណាប្រមាថមើលងាយ ទោះតាមវិធីណាក៏ដោយ ហើយគណៈមេធាវី មិនព្រងើយកន្តើយចំពោះការប្រើពាក្យមិនមានសីលធម៌ និង មិនទទួលខុសត្រូវនេះឡើយ ។កាលពីល្ងាចថ្ងៃទី០៤ ខែសីហា លោកមេធាវី លី ច័ន្ទតុលា តំណាងមេធាវីជាង៥០នាក់ ក៏បានដាក់ពាក្យបណ្ដឹងចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក វ៉ាន់ ពុទ្ធិពល ផងដែរ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៤ ខែសីហា គេបានឃើញហ្វេសប៊ុកឈ្មោះ " Puthipol Vann " ដែលគេស្គាល់ថា ជារបស់ លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បង្ហោះសំណេរមួយ ដែលមេធាវីអះអាងថា មានន័យប្រមាថមកលើមេធាវីទូទាំងប្រទេសដែលមិនអាចទទួលយកបាន ។
សំណេរមានន័យប្រៀបធៀបថា " ថ្ងៃនេះថ្នាក់លើប្រើទៅឲ្យប្រមូលគោបញ្ជូលក្រោលដើម្បីថែរក្សាឲ្យគត់មត់ ។ គោមួយចំនួនធំបានចូលក្រោលត្រឹមត្រូវ វៀរលែងតែ អាពាល អាត្នោត និង អាទែក វាធ្លាប់តែនៅធ្វើព្យុះធ្វើភ្លៀងនៅក្រៅ ដើរជាន់ដំណាំ ស៊ីដំណាំអ្នកស្រុក កៀចមិនព្រមចូលក្រោល ។ មិនត្រឹមតែកៀច វាចង់ជល់ហើយធាក់ខ្ញុំទៀត " សុំសួរប្រិយមិត្ត តើអា៣ក្បាលហ្នឹង សមនឹងចាក់កន្លុះឲ្យតឹង ហើយសំពងនឹងទំពក់រនាស់ឲ្យបាក់លោងទេ ? សើច ! " ។
សំណេររបស់លោក វ៉ាន់ ពុទ្ធិពលគឺបានកើតឡើងក្រោយពីបានទៅប្រជុំជាមួយគណមេធាវិកាលពីថ្ងៃទី៣ ខែសីហា ស្តីពីការទាមទារឲ្យមេធាវីបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ"កាតព្វកិច្ចបង់ពន្ធ របស់មេធាវី" ។នៅក្នុងកិច្ចប្រជុំនោះមានជម្លោះពាក្យសម្ដីផ្ទុះ ខ្លាំងតឹងសរសៃករៀងៗខ្លួន រវាងមេធាវីមួយចំនួន និងលោកវ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃ អគ្គនាយកដ្ឋានពន្ធដារ ។កិច្ចប្រជុំស្ដីពី "កាតព្វកិច្ចបង់ពន្ធ" មានវត្តមាន លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី និងលោក អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌។វាគ្មិនធ្វើបទបង្ហាញ រួមមានលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកចៅក្រមតុលាការកំពូល គង់ តារាឆាត និងលោក អ៊ីវ ប៉ូលី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ។
ប្រភពព័ត៌មានមួយបង្ហើបឲ្យដឹងថា ក្នុងការជជែកពិភាក្សានេះ គឺមានមេធាវីមួយចំនួនមិនយល់ ស្របចំពោះការតម្រូវឲ្យមាន ការបង់ពន្ធលើប្រាក់ចំណូលទេ ។
មេធាវីមួយរូបលើកឡើងថា "តើឲ្យមេធាវីអនុវត្តប្រព័ន្ធយ៉ាងម៉េច បើជាក្រុមហ៊ុនស៊ីវិល តែខាងពន្ធដារ ថា ក្រុមហ៊ុនស៊ីវិលក្តីគេអត់ខ្វល់ទេ គេទារពន្ធលើប្រាក់ ចំណូលតែប៉ុណ្ណោះ ដោយទារពន្ធតាម របបស្វ័យប្រកាស ដោយមានពន្ធ៣ប្រភេទ គឺ ពន្ធតូច ពន្ធមធ្យម និង ពន្ធធំ ។ ប្រាក់ចំណូលក្រោម ២៥០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ គឺ មិនឲ្យបង់ពន្ធទេ " ។
ចឹងហើយបានជាក្រោយពីមានសារលើហ្វេសប៊ុកនេះ ត្រូវបានមេធាវីមួយចំនួន បង្ហើបឲ្យដឹងថា គឺ មិនអាចទទួលយកបានជាដាច់ខាត និង ជាការប្រមាថមេធាវីទូទាំងប្រទេស ។
លោក ប៊ុន ហុន អតីតប្រធានគណៈមេធាវីនិងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រតិកម្ម ថា " នេះជាអំពើជេរប្រមាថជាសាធារណៈដែលមិនអាចអត់ឱនឲ្យបានឡើយ។ក្នុងថានៈជាបញ្ញវន្ត និងជាមន្ត្រីរាជការមួយរូប មិនអាចមកប្រៀបធៀបមេធាវីជាសត្វគោទេ។ តើលោកជាអ្វី។ មន្ត្រីបែបនេះហើយ ដែលធ្វើឲ្យគេក្តៅក្រហាយ។ ខ្ញុំសូមថ្កោលទោស ចំពោះសម្តីពាលអសីលធម៌បែបនេះ " ។
លោកវ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងបកស្រាយថា "ខ្ញុំគិតថាជាការយល់ច្រឡំដូចពាក្យចាស់ថា "អូសសម្រាស់ប្រទះពាក្យ" ខ្ញុំសរសេររឿងគោគឺសំដៅទៅលើមន្ត្រីក្រោមឱវាទមួយចំនួនដែលមិនព្រមសម្របខ្លួនតាមកំណែទម្រង់រដ្ឋបាលសារពើពន្ធ ស្របតាមគោលដៅយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ដោយឆ្លៀតយកសិទ្ធិអំណាចរបស់ខ្លួនទៅអនុវត្តខុសច្បាប់និងក្រមសីលធម៌របស់មន្ត្រីរាជការ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក វ៉ាន់ ពុទ្ធិពល បន្តថា " ខ្ញុំសូមបញ្ជាក់ថា សំណេររបស់ខ្ញុំពុំមានពាក្យ"មេធាវី" ហើយក៏ពុំបានសំដៅដល់ស្ថាប័នមេធាវីដែលជាស្ថាប័នឯករាជ្យនោះដែរ។ ការប្រើពាក្យគោ ក្នុងទស្សនៈធៀបទៅនឹងការប្រើប្រាស់មន្ត្រីក្រោមឱវាទ ដួចជា ប្រើគោឲ្យសុីស្នៅផង ប្រើមើលតែគោក្របី ។ល។ ម្យ៉ាងទៀត ពាក្យគោក៏មិនមែនជាពាក្យអាក្រក់ដែរ ឥណ្ឌាខ្លះគោរពគោជាអាទិទេព ខ្មែរយើងមានជំនឿលគោ(ឧសភរាជ)ក្នុងការព្យាករណ៍ផលកសិកម្ម។
អាស្រ័យហេតុនេះ ប្រសិនបើសំណេររបស់ខ្ញុំមានការប៉ះពាល់ដល់មេធាវី ដោយកត្តាណាមួយ ខ្ញុំសូមឯកឧត្តម អស់លោក លោកស្រី នាងកញ្ញា ដែលជាមេធាវីទាំងអស់មេត្តាអភ័យទោសដល់រូបខ្ញុំ " ។ទោះជាមានការសសេរសុំទោសក៏ប៉ុន្តែប្រហែលជាមិនធ្វើឲ្យមេធាវីអន់ក្តៅឡើយ។ជាក់ស្តែងក្រៅពីការប្តឹងទៅតុលាការក្រុមប្រឹក្សាគនមេធាវីបានបង្កលតគណកម្មការមួយធើរឿងនេះបន្ត។ចាំមើលមើលថាតើវាទៅជាយ៉ាងណា?៕