ក្រុមហ៊ុនផែប្រេង កំពុងលុបសមុទ្របំផ្លាញព្រៃកោងកាង នៅស្រុកទឹកឈូ ពេលនេះមានបញ្ហាជាមួយពលរដ្ឋ
ប្រជាពលរដ្ឋខឹងសម្បានឹងដំណាំកសិផលថោកយករថយន្តដឹកកសិផលមកបិទផ្លូវនៅស្រុកកំរៀងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ រូប ហ្វេសប៊ុក
មើលទៅប្រទេសសិង្ហបុរី ប្រជាពលរដ្ឋរបស់គេ បើកភ្នែកឡើងគេនិយាយគ្នាអំពីជំនួញជួញដូរការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសគ្រាន់តែប្រាក់ចំណូលបានមកពីកំពង់ផែ និងព្រលានយន្តហោះរបស់គេនោះ សឹងតែចិញ្ចឹមពលរដ្ឋសិង្ហបុរីមួយប្រទេស។
ប្រាក់ចំណូលប្រចាំឆ្នាំវិញរបស់ជនជាតិសិង្ហបុរីម្នាក់ៗជាមធ្យមច្រើនជាងខ្មែរ ៥០ ដងឯណោះ។
តែសម្រាប់ស្រុកខ្មែរវិញទៅកន្លែងណាដូចកន្លែងណាដែរ ជុំៗគ្នាទាំងអ្នកនយោបាយរហូតដល់ពលរដ្ឋសាមញ្ញឮតែជជែកគ្នារឿងនយោបាយម្តងទៅភ័យម្តងអរទៅម្តងសប្បាយទៅ ម្តងខឹងទៅ នៅពេលដែលរបត់នយោបាយរេដូចចុងស្រល់ ម្តងឮត្រូវគ្នាវិញ ម្តងឮថាឈ្លោះគ្នាទៀតហើយ។
ពលរដ្ឋបានបំពេញតួនាទីរបស់ខ្លួនបោះឆ្នោតឲ្យអ្នកនយោបាយរួចហើយ ហេតុអ្វីបានជាអ្នកនយោបាយនៅតែឲ្យប្រជាពលរដ្ឋគិតពីរឿងការងាររបស់ខ្លួន មិនបង្កភាពងាយស្រួលសោះអ៊ីចឹង? គ្រាន់តែច្បាប់ស្តីពីគណបក្សនយោបាយតែមួយ យកមកអនុវត្តហើយកែសាចុះ សាឡើង ២ ទៅ ៣ ត្រឡប់ខាតតែពេលវេលាអត់ប្រយោជន៍ គ្រាន់តែរឿងថ្នាក់ដឹកនាំនយោបាយមិនពេញចិត្តគ្នាសោះ។
ផ្ទុយទៅវិញឲ្យតែភ្លេចៗខ្លួនមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលលួចដាក់តំណែងធំៗឲ្យកូនក្មួយរបស់ខ្លួនម្តងមួយៗ។
នេះគឺជាសមិទ្ធផលចម្បងៗរបស់បក្សកាន់អំណាច បន្ទាប់ពីឈ្នះការបោះឆ្នោតជាតិអាណាត្តិទី ៥ នេះនៅពេលដែលអនុវត្តជាក់ស្តែងទៅជាចេញជាអ៊ីចឹងទៅវិញ។
ផ្ទុយទៅនឹងអ្វីដែលអ្នកនយោបាយចុះមូលដ្ឋាន ឃោសនារកសំឡេងឆ្នោតម្តងៗ ដែលតែងតែលើកឡើងសុទ្ធតែពីការធានារកការងារជូនយុវជនធ្វើ រកទីផ្សារជូនប្រជាពលរដ្ឋ និងការពង្រឹង និងពង្រីកវិស័យកសិកម្មដែលជាស្នូលនៃសេដ្ឋកិច្ចជាតិ។ ទាល់តែឃើញពលរដ្ឋឡើងតវ៉ាដល់បិទផ្លូវជាតិនៅខេត្តបាត់ដំបងដូចកាលពីសប្តាហ៍មុនចៅហ្វាយខេត្ត និងមន្ត្រីជាន់ខ្ពស់បានដឹងថាមានរឿងកសិផលតម្លៃពោត និងដំឡូងចុះថោកពេកមិនរួចថ្លៃដើមផង នៅពេលដែលខំដាំ ហើយចំណាយពេលថែទាំទម្រាំតែបានផល នៅពេលបានផលហើយរាជរដ្ឋាភិបាលគ្រាន់តែមានតួនាទីមួយរកទីផ្សារឲ្យពួកគាត់ក៏រកមិនបានផង។ ហ្នឹងហើយជាចំណុចសំខាន់ដែលប្រជាកសិករចង់បានព្រោះវាជាតម្រូវការជីវភាពប្រចាំថ្ងៃរបស់ពួកគាត់នោះ តើឲ្យប្រជាកសិករជឿ នូវការសន្យា និងការចែកអំណោយរបស់អ្នកនយោបាយយូរៗម្តងដល់ណាទៀត?
ជាការពិតហើយមើលទៅគួរឲ្យអាណោចអាធ័មចំពោះប្រជាកសិករណាស់ហេតុតែមិនបានរៀនសូត្រចេះដឹងជ្រៅជ្រះហ្នឹងគេ មុខរបរគ្មានជម្រើសអ្វីក្រៅពីធ្វើកសិកម្ម នៅពេលបានទិន្នផលសម្រេចហើយគ្មាននរណាទិញទៀត។
ដូចរូបថត និងវីដេអូឃ្លីបបង្ហោះតាមហ្វេសប៊ុកកាលពីខែមុន ឃើញកសិករចាក់ល្ពៅនៅតាមថ្នល់គរដូចភ្នំរាប់តោនលក់ថោកៗហើយគ្មានអ្នកទិញទៀត។ រីឯផ្លែចេកវិញត្រូវបានកសិករយកមកកាប់ចោលទាំងស្ទងៗនេះគឺដោយសារតែគ្មានទីផ្សារ។
តាមពិតទៅបញ្ហារកទីផ្សារ (Marketing) នៅស្រុកខ្មែរមិនមែនអន់តែវិស័យកសិកម្មទេគឺមានវិស័យផ្សេងៗទៀតដែលគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកទីផ្សារនោះ។
នៅពេលដែលមានបញ្ហារកទីផ្សារមិនបាននេះគឺធ្វើឲ្យគណបក្សនយោបាយទាំងបក្សកាន់អំណាច និងបក្សប្រឆាំងបានត្រឹមតែឆ្លៀតឱកាសដណ្តើមផលប្រយោជន៍គ្នាចង្អុលដាក់គ្នា និងចំអកឲ្យគ្នាទៅវិញទៅមកដើម្បីចំណេញសំឡេងឆ្នោតម្តងបក្សប្រឆាំងថារដ្ឋាភិបាលគ្មានសមត្ថភាពរកទីផ្សារជូនកសិករ រីឯបក្សកាន់អំណាចវិញថាបក្សប្រឆាំងគ្មានបានធ្វើអ្វីទេគឺបានតែសន្យាខ្យល់នៅពេលធ្វើការឃោសនាបោះឆ្នោតម្តងៗ។
រឿងរកទីផ្សារនេះជាគោលការណ៍កម្ពុជាបានចូលក្នុងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងពាណិជ្ជកម្មអាស៊ានផង បើបក្សកាន់អំណាចធ្វើមិនបាន ចុះហេតុអ្វីបានជាបក្សប្រឆាំងមិនធ្វើអ្វីដែលអាចធ្វើទៅបានដូចជាការទំនាក់ទំនងជាមួយពាណិជ្ជករបរទេស ឬក៏ឈ្មួញដើរទិញផលិតផលកសិកម្មទាំងនោះផ្ទាល់តែម្តងក្នុងនាមតួនាទីជាតំណាងរាស្ត្រឲ្យបានថ្លៃជាងទៅ? ជាជាងបានត្រឹមតែរិះគន់ និងទាញផលប្រយោជន៍ពីបក្សកាន់អំណាចហ្នឹង។
តែផ្ទុយទៅវិញផលិតផលកសិកម្ម បន្លែ ផ្លែឈើសឹងតែសព្វសារពើហូរចូលពីប្រទេសជិតខាងប្រុយៗទៅវិញ ជាពិសេសប្រទេសវៀតណាមគឺដឹកមកដល់ផ្សារនាគមាស និងផ្សារដើមគរ ឡើងហៀរដល់ខាងផ្លូវមុនីរ៉េតទៀតនៅពេលយប់។
ហេតុអ្វីបានជាប្រជាពលរដ្ឋវៀតណាមជិត ១០០ លាននាក់គឺគេប្រើប្រាស់ផលិតផលកសិកម្មរបស់គេហើយ សល់ហៀរមកលក់ឲ្យស្រុកខ្មែរយើងទៀត? ក្រែងរដ្ឋាភិបាលកម្ពុជាតែងតែអួតក្តែងៗ ថាជាង ៨០ ភាគរយនៃពលរដ្ឋខ្មែរប្រកបរបរកសិកម្ម តែបែរជានាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងទៅវិញ។ អ្នកដាំកៅស៊ូខាតដោយមិនមានទីផ្សារកៅស៊ូ អ្នកដាំម្រេចខាតដោយសារគ្មានទីផ្សារម្រេច។
ទីបំផុតផលប៉ះពាល់ដែលខ្លាំងជាងគេនោះគឺប្រជាកសិករណាដែលខ្ចីលុយពីមីក្រូហិរញ្ញវត្ថុមកវិនិយោគលើវិស័យកសិកម្ម ហើយត្រូវខាតបង់ដោយសារតែរដ្ឋាភិបាលមិនបានជួយរកទីផ្សារនេះធ្វើឲ្យបំណុល និងការប្រាក់របស់ពួកគាត់កាន់តែច្រើនទៅៗ។
នៅពេលដែលអត់មានអីសងគឺមានតែលក់ដី លក់ទ្រព្យ ចុងក្រោយគឺធ្លាក់ខ្លួនទៅជាជនរងគ្រោះដោយសារធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃបើទោះបីជាទៅទាំងខុសច្បាប់ក៏ដោយគឺដើម្បីរស់ទាំងត្រដរខ្យល់សម្រាប់ជីវិត ពីថៅកែនៅក្នុងស្រុក បែរជាទៅធ្វើខ្ញុំគេនៅស្រុកគេទៅវិញ។ តើកំហុសអ្នកណា?
កន្លងមករាជរដ្ឋាភិបាលបានដោះស្រាយរឿងបញ្ហាស្រូវ-អង្ករម្តងរួចហើយគឺសម្រេចចិត្តយកលុយរដ្ឋ ២៧ លានដុល្លារទិញអង្ករពីប្រជាពលរដ្ឋ ហើយអំពាវនាវឲ្យឧកញ៉ាៗជួយទិញអង្ករដែលអត់ទីផ្សារនោះ។ ខណៈនោះប្រទេសចិនមើលទៅយ៉ាប់ភ្នែកពេកក៏ជួយទិញអង្ករនោះខ្លះទៅ ដើម្បីរក្សាចំណងមិត្តភាពជាជាងជំនួយថវិកាមករដ្ឋាភិបាលទទេៗនោះ។
ការដែលរដ្ឋាភិបាលដោះស្រាយបែបនេះគឺមិនមែនយុទ្ធសាស្ត្រយូរអង្វែងនោះទេ ហើយធ្វើឲ្យអ្នកលក់អង្កររាយត្រូវលក់មិនដាច់ផងដែរ ដោយសារតែឧកញ៉ាៗ គាត់យកទៅចែកអ្នកក្រីក្រ និងកម្មករសំណង់របស់ខ្លួននោះ។ បើក្រឡេកមើលទៅស្ថាប័នសហព័ន្ធស្រូវអង្ករកម្ពុជាវិញគឺលោក សុខ ពុទ្ធិវុឌ្ឍ ជាកូនប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ហេតុអ្វីបានជារាជរដ្ឋាភិបាលនៅតែធ្វើមិនដឹងមិនឮដដែល រឿងរកទីផ្សារជូនកសិករនេះ?