ប៉េអឹមចាប់វៀតណាម ៧ នាក់ និងឡានធំ ៨ គ្រឿងលួចចូលកាប់ឈើ
ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា បានលើកឡើងកាលពីថ្ងៃសុក្រថា ប្រទេសតួកគី កំពុងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា អំពីលទ្ធភាពគ្រប់គ្រងលើសាលាហ្សាម៉ាន់ ស្ថិតនៅរាជធានីភ្នំពេញ ដែលខ្លួនចោទប្រកាន់ថាមានទំនាក់ទំនងជាមួយ “អង្គការភេរវកម្ម” ដែលស្ថិតនៅពីក្រោយការប៉ុងប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន។
ក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែតុលា ដែលបណ្ដាលឱ្យមនុស្សជាង២៥០នាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន រដ្ឋាភិបាលតួកគី បានចាប់ផ្ដើមប្រតិបត្តិការបង្ក្រាបទូទាំងពិភពលោកទៅលើគ្រឹះស្ថាននានាដែលខ្លួនចោទប្រកាន់ថាមានទំនាក់ទំនងជាមួយលោក ហ្វេតហ៊ុលឡា ហ្គូឡេន (Fethullah Gulen) ជាបព្វជិតដ៏ចម្រូងចម្រាសដែលចលនាហ៊ីសម៉េត (Hizmet Movement) របស់លោកបានរងការចោទប្រកាន់ថាជាអ្នកស្ថិតនៅពីក្រោយការបះបោរនោះ។
ភ្លាមៗ សាលាអន្តរជាតិ ហ្សាម៉ាន់ និងសាកលវិទ្យាល័យហ្សាម៉ាន់ នៅរាជធានីភ្នំពេញ បានរងការរិះគន់យ៉ាងខ្លាំង ដោយឯកអគ្គរដ្ឋទូត អុីលហាន់ កេម៉ាល់ តាក់ (Ilhan Kemal Tug) បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បិទគ្រឹះស្ថានអប់រំទាំងនេះ ដែលមានសិស្សនិស្សិតចុះឈ្មោះចូលរៀនជាង៩០០នាក់។
អំឡុងសន្និសីទសារព័ត៌មាននៅស្ថានទូតតួកគី នៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធខួបប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើ លោក អុីលហាន់ កេម៉ាល់ តាក់ បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា លោកមានបំណងចង់បិទសាលាហ្សាម៉ាន់ ប៉ុន្តែទទួលស្គាល់ថា លោកបើកទូលាយផ្ដល់ជម្រើសផ្សេង។
លោកបានគូសបញ្ជាក់ថា “បំណងអាទិភាពរបស់យើងគឺបិទសាលានៅទីនេះ ប៉ុន្តែយើងក៏ដឹងដែរពីភាពរសើបនៃបញ្ហានេះនៅកម្ពុជា ជាពិសេសចំនួនសាលាដែលមានវត្តមាននៅក្នុងប្រទេសនេះ ដូច្នេះយើងកំពុងព្យាយាមស្វែងរកជម្រើសផ្សេង ឧទាហរណ៍ដូចជាការគ្រប់គ្រងលើគណៈគ្រប់គ្រងរបស់សាលាជាដើម”។
កាលពីឆ្នាំមុន សាលាហ្សាម៉ាន់បានបដិសេធថា ខ្លួនគ្មានទំនាក់ទំនងផ្លូវការជាមួយលោក ហ្វេតហ៊ុលឡា ហ្គូឡេន នោះទេ ហើយបានគំរាមចាត់វិធានការតាមផ្លូវច្បាប់លើឯកអគ្គរដ្ឋទូតរូបនេះ ព្រមទាំងបានចាប់ផ្ដើមយុទ្ធនាការតាមបណ្ដាញទំនាក់ទំនងសង្គមទៀតផង ដើម្បីធានាអះអាងចំពោះឪពុកម្តាយរបស់សិស្សនិស្សិតថា គ្រឹះស្ថានរបស់ខ្លួននឹងបន្តធ្វើប្រតិបត្តិការដូចធម្មតា។
តាមរយៈសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ សាលាហ្សាម៉ាន់បានលើកឡើងថា ការធ្វើអត្ថាធិប្បាយចុងក្រោយរបស់ឯកអគ្គរដ្ឋទូតរូបនេះគឺជាការបរិហារកេរ្តិ៍ ហើយបានអះអាងថា សាលាមិនស្ថិតក្រោមការគំរាមកំហែងនោះទេ។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា ”យើងមានការសោកស្ដាយដែលលោកឯកអគ្គរដ្ឋទូតបានលើកឡើងពីករណីនេះម្ដងទៀតទាំងមិនដែលបង្ហាញភ័ស្តុតាងសោះ បើទោះបីជាយើងបានស្នើសុំជាច្រើនលើករួចមកហើយក្តី។ យើងខ្ញុំចាត់ទុកនេះជាការចោទប្រកាន់គ្មានមូលដ្ឋាន ហើយចំពោះការចោទប្រកាន់ចុងក្រោយនេះ យើងនឹងចាត់ទុកវាជាករណីបរិហារកេរ្តិ៍”។
សេចក្ដីថ្លែងការណ៍នេះបានបន្តទៀតថា “យើងខ្ញុំសូមបញ្ជាក់អះអាងជាថ្មីចំពោះសិស្សនិស្សិត ឪពុកម្ដាយ បុគ្គលិក និងសាធារណជនឱ្យបានជ្រាបថា សាលានេះនៅតែជាគ្រឹះស្ថានផ្ដល់ការអប់រំដល់សិស្សនិស្សិតជារៀងរហូត ហើយយើងខ្ញុំនឹងពង្រីកបន្ថែមទៀតដើម្បីបំពេញតម្រូវការនាពេលបច្ចុប្បន្ន”។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំមិនបានឆ្លើយតបទេ នៅពេលសុំឲ្យលោកធ្វើការបំភ្លឺទាក់ទិនបញ្ហានេះ។
កាលពីខែមករា មានការប្រកាសថា កូនស្រីរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម គឺជាប្រធានគ្រប់គ្រងសាលាហ្សាម៉ាន់ និងជាភាគហ៊ុនធំបំផុតរបស់សាលានេះ ចំណែកឯលោក អ៊ាង សុផល្លែត ស្វាមីរបស់លោកស្រីដែលជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាប្រធានកិត្តិយស។
លោក អុីលហាន់ កេម៉ាល់ តាក់ បានមានប្រសាសន៍ថា លោក “ពេញចិត្ត” ចំពោះ “ចំណាប់អារម្មណ៍ និងកិច្ចសហប្រតិបត្តិការ” របស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការពិភាក្សាអំពីសាលាហ្សាម៉ាន់។
បន្ទាប់មកលោកបានព្រមានថា ចលនាហ៊ីសម៉េត ដែលអ្នកគាំទ្ររបស់ខ្លួនអះអាងថា គោរពប្រតិបត្តិតាមសាសនាអុិស្លាមបែបសម័យថ្មី និងសន្តិភាពនិយម ក៏អាចបង្កការគំរាមកំហែងដល់កម្ពុជាដែរ។
លោកបានថ្លែងថា “ពេលសួរខ្ញុំថាតើ ‘មានហានិភ័យទេនៅកម្ពុជា?’ ពិតណាស់ ហានិភ័យប្រាកដជាមាន។ យើងគិតថានឹងមិនមានហានិភ័យទេ យើងគ្រាន់តែធ្វើពុតជាមិនចាប់អារម្មណ៍តែប៉ុណ្ណោះ។ ប៉ុន្តែសាកក្រឡេកមើលអ្វីដែលពួកគេមានសមត្ថភាពធ្វើទៅមើល”៕