CMAC បង្ហាញហេតុផលជាក់ស្តែងចំនួន៣ ដែលមហាអំណាចអាមេរិក គួរខ្មាសអៀនជុំវិញការមិនទទួលខុសត្រូវ លើការទម្លាក់គ្រាប់បែកនៅកម្ពុជា !
ខេត្តរតនគិរី ៖ តាមប្រភពពីមន្ត្រីតូចតាចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថា លោក អន អង្គារ៉ា មេគយប្រចាំច្រក
នេះកំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។
ប្រភពបានឲ្យដឹងទៀតថា ករណីឈ្មួញជាច្រើននាក់បន្តសម្រុកដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺជាប្រភពចំណូលដ៏ធំ របស់ប្រធានការិយាល័យគយប្រចាំច្រកនេះ មិនតែប៉ុណ្ណោះគេថែមទាំង បើកដៃឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ពីស្រុកយួនតាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុកផងដែរ។
ពាក់ព័ន្ធបញ្ហាខាងលើនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវមជ្ឈដ្ឋាននានាសង្ស័យថា ទទួលផលប្រយោជន៍ពីលោក លោក អន អង្គារ៉ា ជាប្រចាំ ទើបមិនចាត់វិធានការលើមន្ត្រីពុករលួយ ឲ្យបានទាន់ពេលវេលា។
តាមការបង្ហើបពីក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថាបច្ចុប្បន្ននេះលោក អន អង្គារ៉ា មេគយប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានបង្កើនការជំរិតយកលុយពីពួកគេតាមរបៀបពុករលួយកាន់តែច្រើនឡើងៗក្រោមលេសយកទៅជូនមេៗថា្នក់លើ។
ឈ្មួញខ្លះបានឲ្យដឹងថា កន្លងមកនៅពេលពួកគេដឹកឈើទៅស្រុកយួនតាម រថយន្ត សាំយ៉ុង១គ្រឿងត្រូវបង់លុយ ឲ្យសមត្ថកិច្ចគយពី១០០ទៅ១៥០ដុល្លារ ប៉ុន្តែឥឡូវគេតម្រូវឲ្យបង់គុណនឹងពីរគឺ២០០ដុល្លារ ទៅ៣០០ដុល្លារ ដូច្នេះមុខរបរ ដឹកជញ្ជូនឈើរបស់ពួកគេនាពេលបច្ចុប្បន្ន ស្ទើរតែគ្មាននៅសល់លុយចំណេញសម្រាប់យកទៅដោះស្រាយជីវភាពគ្រួសារឡើយ។
ក្រុមឈ្មួញដឹកជញ្ជូនឈើបានឲ្យដឹងថា នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ សព្វថ្ងៃនេះមានសមត្ថកិច្ច ជាច្រើនស្ថាប័ន ប្រព្រឹត្តអំពើពុករលួយចាំជំរិតយកលុយ ពីពួកគេ ហើយមន្ត្រីគយនិងនគរបាលអន្តោប្រវេសន៍គឺជាអ្នកគាបជំរិតយ៉ាងខ្លាំងដោយ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
មន្ត្រីពាក់ព័ន្ធនិងមន្ត្រីគយតូចតាច ក្នុងខេត្តរតនគិរី បានឲ្យដឹងថា តាមរយៈការ គាបជំរិតយកលុយ ពីឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួនទាំងយប់ ទាំងថ្ងៃគឺលោក អន អង្គរ៉ា មេគយប្រចាំច្រកទ្វារអន្តរ ជាតិអូរយ៉ាដាវ អាចប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមាន ធ្វើបានយ៉ាងក្រអឺតក្រទម។ ជាងនេះនៅទៀតការដែលលោក អន អង្គារ៉ា មេគយប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកដៃឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាង ពេញបន្ទុកគឺធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ហើយចំណូលទាំងនោះចូលទៅក្នុងហោប៉ៅមន្ត្រីគយពុករលួយ៕