ហ្វ៊ុនស៊ិនប៉ិច ស្ថិតក្នុងបេះដូងខ្មែរជានិច្ច
លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ភាសាខ្មែរបញ្ជាក់ថា លោកមិនបានបន្លំខ្លួនចូលពន្ធនាគារព្រៃសជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ នោះទេ។
លោកបញ្ជាក់ថា៖ «ការពិតខ្ញុំទៅបន្លំគេឯណាបាន? នរណាក៏គេស្គាល់ខ្ញុំដែរ។ មន្ត្រីប៉ូលិសស្គាល់ ហៅឈ្មោះខ្ញុំ (ជុន ច័ន្ទបុត្រ) ហើយគេក៏អោយអ្នកចូលទាំងប៉ុន្មានហ្នឹងចុះឈ្មោះ ខ្ញុំក៏ចុះឈ្មោះដាក់ឈ្មោះពិតទៅ។ ចូលហ្នឹងគឺតាមរបៀបហ្នឹង។ សុំគេចូលដោយត្រឹមត្រូវ ហើយដើរតាមក្រោយគេទៅ ដូច្នេះខ្ញុំមិនបានបន្លំខ្លួនចូលអីដូចដែលព័ត៌មានខ្លះផ្សាយទេ»។
លោក ជុន ច័ន្ទបុត្រ ដែលមានឈ្មោះពិត ហួត វុទ្ធី គឺជានាយករងវិទ្យុអាស៊ីសេរីផ្នែកផ្សាយជាខេមរ
ភាសាប្រចាំនៅទីក្រុងវ៉ាស៊ីនតោន។ លោក ជុន ច័ន្ទបុត្រ ក៏ជាអ្នកកាសែតវិទ្យុអាស៊ីសេរីម្នាក់ ដែលកំពុងទទួលបានការគំាទ្រពីអ្នកស្តាប់ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣។
ក្នុងឆ្នាំ២០១៦ លោក ជុន ច័ន្ទបុត្រ ទទួលបានជ័យលាភីសម្រាប់អ្នកសារព័ត៌មានក្លាហាន និងទៀងត្រង់ ដែលផ្ដល់ដោយក្រុមប្រឹក្សាគ្រប់គ្រងការផ្សាយអន្តរជាតិរបស់សហរដ្ឋអាមេរិក (Broadcasting Board of Governors)។
ការចោទប្រកាន់ថាលោក ជុន ច័ន្ទបុត្រលួចបន្លំខ្លួនជាមួយតំណាងរាស្ត្របក្សប្រឆាំងចូលក្នុងពន្ធ
នាគារព្រៃសនេះដែរ ក៏ជំរុញឲ្យក្រសួងមហាផ្ទៃ ប្រកាសមិនអនុញ្ញាតឱ្យតំណាងរាស្ត្រគណបក្សប្រឆាំងចូលសួរសុខទុក្ខសកម្មជន ឬមន្ត្រីគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសទៀតនោះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់កាសែតក្នុងស្រុកមួយចំនួនកាលពីថ្ងៃ
ទី១៩ និងថ្ងៃ ទី ២០ ខែមេសានេះ ដោយចោទតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ថា មាន “ចេតនាអសីលធម៌”ដោយបន្លំសមត្ថកិច្ច ហ៊ាននាំបុគ្គលិកវិទ្យុអាស៊ីសេរី ចូលពន្ធនាគារ។ ឆ្លើយ
តបទៅនឹងការលើកឡើងនេះ ទាំងអាស៊ីសេរី និងមន្ត្រីគណបក្សសង្គ្រោះជាតិ បដិសេធការលើកឡើងនេះ។
នៅពេលទំនាក់ទំនងតាមទូរស័ព្ទនៅមុននេះបន្តិច អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គបញ្ជាក់ថាអាជ្ញាធរកំពុងពិនិត្យលើផ្លូវច្បាប់ប្រឆាំងនឹងលោក ជុន ច័ន្ទបុត្រ បើសិនជារកឃើញថា
អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរីរូបនេះមានការលួចបន្លំខ្លួនចូលក្នុងពន្ធនាគារមែននោះ។
លោកបញ្ជាក់ថា “ ជំហានដំបូងនេះ យើងមានវិធានការតែទៅលើតំណាងរាស្ត្របក្សប្រឆាំងទេគឺ
ហាមមិនឲ្យចូលទៅសួរសុខទុក្ខកូនចៅរបស់ខ្លួនទៀតហើយ”។
កាលពីថ្ងៃពុធ ទី១៩ ខែមេសា តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ និងលោក ឡុង រី បានទទួលការអនុញ្ញាតពីក្រសួងមហាផ្ទៃឲ្យចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន ១៦នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។
ក្រោយពីការចុះសួរសុខទុក្ខភ្លាម ក៏ផ្ទុះរឿងលោក ជុន ច័ន្ទបុត្រចូលទៅក្នុងពន្ធនាគារជាមួយ
តំណាងរាស្ត្រទាំងពីររូបខាងលើដែរ៕