ផ្លូវជាតិលេខ៦ ធ្វើអត់គ្រប់បច្ចេកទេស ក្រសួងតម្រូវឲ្យចាក់កៅស៊ូបន្ថែម៣ហ៊ុន ចំណាយជាង១០លានដុល្លារ
ភ្នំពេញៈ ទីប្រឹក្សារបស់ព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុបានរិះគន់សាលារាជធានីភ្នំពេញទេសចរណ៍ ដែលមិនដាក់តាំងរូបព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ នៅតាមទីសាធារណៈសំខាន់ៗ និងសណ្ឋាគារធំៗ ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ។
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សារបស់ព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ពីម្សិលមិញ បានសម្ដែងការមិនពេញចិត្ត ហើយរិះគន់ចំៗទៅលើសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ដោយលោកលើកឡើងថា ស្ថាប័នរដ្ឋទាំងពីរនេះ មិនបានដាក់តាំង និងលម្អរូបព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងពិធីបុណ្យជាតិដ៏ធំមួយនេះ។
លោកបញ្ជាក់ថា នេះជាការប្រព្រឹត្តផ្ទុយទៅនឹងបាវចនា នៃព្រះរាជាណាចក្រកម្ពុជា គឺជាតិ សាសនា ព្រះមហាក្សត្រ ហើយវាជាការមិនឲ្យតម្លៃលើព្រះមហាក្សត្រ។
លោក ដារ៉ាវុធ កត់សម្គាល់ឃើញថា នៅកន្លែងសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ដូចជា នៅរមណីយដ្ឋាន វត្តភ្នំ វិមានឯករាជ្យ ព្រះអង្គដងកើ ត្រង់ផ្លូវបំបែកធំៗ និងសណ្ឋាគារធំៗ ដូចជាកាំបូឌីយ៉ាណា សណ្ឋាគារភ្នំពេញ និង សូហ្វីតែល ជាដើម មិនឃើញមានដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រធំៗ មានភ្លើងលម្អនោះឡើយ ដែលមិនស័កិ្តសមទៅនឹងព្រះរាជាណាចក្រ ដែលមានព្រះមហាក្សត្រគង់ប្រថាប់នោះឡើយ។
លោកបន្តថា លោកមិនទាមទារឲ្យដាក់តាំងបង្ហាញព្រះឆាយាល័ក្ខណ៍ច្រើនហួសហេតុនោះទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏គួរមានដាក់តាំងព្រះឆាយាល័ក្ខណ៍ជាង ១០ ដែរ។
លោក អ៊ុំ ដារ៉ាវុធ ថ្លែងថា៖«នៅរាជធានីភ្នំពេញ ដែលគេថា អច្ឆរិយនោះ គឺមិនឃើញមានរូបព្រះឆាយាល័ក្ខណ៍ព្រះអង្គ ដែលធំ មានភ្លើងលម្អនោះទេ។ សូម្បីតែអូតែលកាំបូឌីយ៉ាណា។ កន្លែងធំៗ និងសណ្ឋាគារធំៗផ្សេងទៀត។ មិនដូចនៅទីក្រុងបាងកកទេ ដែលគេមានភ្លើង និងផ្កាលម្អ»។
លោកថ្លែងដូច្នេះថា៖ «បើយើងនិយាយឲ្យចំទៅ នេះជាកាតព្វកិច្ច និងភារកិច្ចរបស់សាលារាជធានីភ្នំពេញនិងក្រសួងទេសចរណ៍... វាជាកំហុសរបស់សាលារាជធានីដែលបានធ្វេសប្រហែស និង ក្រសួង ទេសចរណ៍ ដែលបានភ្លេចខ្លួនក្នុងតួនាទីរបស់ខ្លួន»។
លោកបានបន្ថែមថា ទាំងនោះ មិនមែនជាកំហុសរបស់រដ្ឋាភិបាលនោះទេ ហើយបើសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ខ្វះថវិកា ដើម្បីដាក់តាំងក៏រដ្ឋាភិបាលផ្តល់ឲ្យដែរ។
ផ្ទុយទៅវិញលោកកត់សម្គាល់ឃើញថា នៅពេលបុណ្យប្រពៃណីបរទេស ដូចជា បុណ្យ ណូអែល ជាដើមនោះ បែរជាឃើញមានតាំងបង្ហាញរូបតាណូអែល នៅតាមសណ្ឋាគារធំៗ និងកន្លែងទីសាធារណៈផ្សេងៗទៅវិញ ដែលនេះ«គួរឲ្យសោកស្តាយ» ដែលគេមិនបានលើកតម្កើងបុណ្យជាតិរបស់ខ្លួន។
លោក អ៊ុំ ដារ៉ាវុធ បានអះអាងថា៖ «ខ្ញុំឃើញភ្ញៀវទេសចរថតរូបតូចមួយរបស់ព្រះឆាយាល័ក្ខណ៍គ្មានភ្លើងផង ងងឹតឈឹង។ គួរឲ្យអាម៉ាស់ណាស់។ គួរកែលម្អ កុំឲ្យគេមើលងាយរាជធានីភ្នំពេញយើង។ ខ្វះខាតច្រើនណាស់..គួរលើកកិត្តិយសថ្វាយព្រះអង្គផង»។
ទោះបីយ៉ាងណា ទីប្រឹក្សារូបនេះ បានថ្លែងថា កាលពីឆ្នាំមុន លោកមិនបានធ្វើការកត់សម្គាល់ដូចឆ្នាំនេះទេ ព្រោះឆ្នាំនេះ លោកចង់ដឹងពីប្រសិទ្ធភាពការងារ និងការឲ្យតម្លៃរបស់ស្ថាប័នរដ្ឋទាំងនោះដល់អង្គព្រះមហាក្សត្រ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានការណែនាំពីគណៈកម្មការបុណ្យជាតិ អន្តរជាតិរួចមក រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយកាលពីខែមីនា ដើម្បីប្រាប់ដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យរៀបចំចាត់ចែងតាំងបង្ហាញរូបព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ ក៏ដូចជាការងារពាក់ព័ន្ធផ្សេងៗទៀតដែរ។ ប៉ុន្តែ បើមានការណែនាំណាមួយផ្សេងទៀត ឲ្យរៀបចំតាំងព្រះឆាយាល័ក្ខណ៍ នៅកន្លែងជាក់លាក់ទៀត នោះសាលាក្រុងក៏នឹងធ្វើតាមដែរ។
លោកថ្លែងថា៖«យើងបានយកចិត្តទុកដាក់ ចាត់ចែងលើការងារនេះ។ យើងមិនបានបណ្តែតបណ្តោយមិនចាត់ចែងនោះទេ។ យើងបានណែនាំ បំផុសធ្វើកិច្ចការហ្នឹងហើយ តែការតាំងដោយរបៀបណា គឺជាការយកចិត្តទុកដាក់របស់ស្ថាប័នគេមួយៗ»។
លោកបន្ថែមថា នៅទីសាធារណៈផ្សេងៗ គឺជា សមត្ថកិច្ចរបស់គណៈកម្មការបុណ្យជាតិ និងអន្តរជាតិក្នុងការដាក់តាំងព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ ដែលសាលារាជធានីភ្នំពញ មិនហ៊ានចាត់ចែងជំនួសនោះទេ។
ទោះយ៉ាងណា លោកឈិន កេតនា អ្នកនាំពាក្យគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានថ្លែងថា គណៈកម្មការលោក មិនមែនជាអ្នករៀបចំការដាក់តាំងព្រះឆាយាល័ក្ខណ៍នោះទេ តែក្រសួងសា្ថប័ននីមួយៗ ជាអ្នករៀបចំធ្វើ។
ចំណែកលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍វិញ បានប្រតិកម្មថា សណ្ឋាគារបានដាក់តាំងព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងម្ចាស់ក្សត្រិយានី នរោត្តម មុនិនាថ សីហនុ ផងដែរ ទៅតាមសារាចរណែនាំរបស់ក្រសួង។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«សណ្ឋាគារទាំងអស់ សុទ្ធតែមានរូបធំព្រះអង្គទាំងបី តែសណ្ឋាគារខ្លះ មិនបានតុបតែង។ សុទ្ធតែមានការណែនាំទាំងតាមសារាចរ។ រូបទាំងបីព្រះអង្គ មិនអាចខ្វះបានទេ។ សណ្ឋាគារណាដាក់ព្រះឆាយាល័ក្ខណ៍មិនត្រឹមត្រូវ យើងណែនាំទៀតផង»។
លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានសង្កេតឃើញថា ការមិនដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនេះ គឺមិនមែនមានតែក្នុងពិធីបុណ្យជាតិធំៗនោះទេ ប៉ុន្តែក៏មិនមានដាក់តាំង នៅតាមបណ្តាការិយាល័យ របស់រដ្ឋផងដែរ។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងថា លក្ខខណ្ឌរៀបចំរបស់រដ្ឋយ៉ាងម៉េចទេ។ គេមិនដឹងថា ព្រះឆាយាល័ក្ខណ៍ ត្រូវដាក់នៅពេលណា និងកន្លែងណាខ្លះ។ យើងមិនដាក់ បានន័យថា យើងមិនសូវគិត មិនសូវខ្វល់។ ជួនកាលទង្វើហ្នឹងឆ្លុះបញ្ចាំងពីអារម្មណ៍ខាងក្នុងដែរថា មិនដាក់មិនសូវសំខាន់»។
លោក មាស នី បានអំពាវនាវឲ្យគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ ត្រូវមានតួនាទីក្នុងការពិនិត្យមើលឡើងវិញ ដើម្បីឲ្យត្រូវតាមបាវចនារបស់ជាតិ៕
លោក អ៊ុំ ដារ៉ាវុធ