លោក គង់ ផល្លាគុណ មេគយព្រលានយន្តហោះសៀមរាប ប្រគល់ថ្នាំសម្រើប ៩វ៉ាលិស ឲ្យឈ្មួញស្ងាត់ៗ ជាថ្នូរនឹងលុយរាប់ម៉ឺនដុល្លារ
ជារៀងរាល់យប់មានរថយន្ត យីឌុប ដឹកឈើលើសទម្ងន់ និងគ្មានច្បាប់អនុញ្ញាតិពិតប្រាកដ ដឹកចេញពីស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះទៅខេត្តបន្ទាយមានជ័យដែលមានមេការធំម្នាក់ឈ្មោះ ចិន (ឈ្មោះហៅក្រៅ) ជាប៉េអឹមផ្ទៃប្រទេស ជាអ្នករត់ការបង់លុយអោយសមត្ថកិច្ចតាមដងផ្លូវ គ្រប់ខេត្តក្រុង គ្រប់ជាន់ថ្នាក់។ប្រភពព័ត៌មានបានអោយដឹងថា លោក ចិន ដែលជាមេការរត់ការអោយឡានដឹកឈើរបស់ក្រុមហ៊ុន ដួងស្រួច ខាងលើនេះ កាលពីដើមឡើយនៅខេត្តសៀមរាប មានដេប៉ូលក់ឈើនៅផ្លូវ៦០ម៉ែត្រ តែបន្ទាប់ពីបែកផ្លូវគ្នាជាមួយភរិយា ក៏បាត់មុខមួយរយៈ ស្រាប់តែពេលនេះលេខព័ត៌មានមកថា លោក ចិន បានក្លាយជាអ្នកមានលុយមានអំណាច ក្លាយជាប៉េអឹមផ្ទៃប្រទេស ហើយជាមេការរត់ការអោយឡានយីឌុបទាំងខ្សែៗជារៀងរាល់មយ់ពីខេត្តព្រះវិហារទៅខេត្តបន្ទាយមានជ័យ ដោយមិនមានសមត្ថកិច្ចណាគេត្រួតពិនិត្យនោះទេ ព្រោះប្រភពបានអះអាងថា លោកចិនបានបង់លុយអោយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់អស់ហើយ។
អ្នកយកព័ត៌មានយើងបានប្រាប់ថា គាត់បានទៅថតរថយន្តដឹកឈើខាលលើជាច្រើនលើកជាមួយក្រុមសមត្ថកិច្ច តែត្រូវបានសមត្ថកិច្ច មេការដឹកឈើគេប្រាប់ថា មានច្បាប់ តែគេមិនបានអោយអ្នកកាសែតណាម្នាក់បានឃើញច្បាប់អនុញ្ញាតិរបស់ពួកគេនោះទេ នេះដែលជាហេតុធ្វើអោយមានការសង្ស័យថា រថយន្តដឹកឈើរបស់ក្រុមហ៊ុន ដួងស្រួច មិនមានច្បាប់ពិតប្រាកដនោះទេ ហើយបើមានច្បាប់ត្រឹមត្រូវមែន ដឹកតាមចំនួនកំណត់មែន ក៏មិនចាំបាច់ បង់លុយដាក់ខែអោយសមត្ថកិច្ចតាមផ្លូវនោះដែរ។
អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក ចិន និងតំណាងក្រុមហ៊ុន ដួងស្រួច បានទេពាក់ព័ន្ទការដឹកជញ្ជូនឈើយ៉ាងអាណាធិប្បតេយ្យខាងលើនេះ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង។
លោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លងវែង បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ ខែគិម្ភៈ ឆ្នាំ២០១៧នេះថា លោកធ្លាប់បានឆែកមើលដែរ តែមិនបានឆែកគ្រប់ឡាននោះទេ លោកថាកាលលោកឆែកមើលឃើញថា មានច្បាប់។ លោកនាយផ្នែកបានបន្ថែមថា បើចង់ដឹងច្បាស់ពីច្បាប់ទម្លាប់ ឬដឹកប៉ុន្មានម៉ែត្រគូបនោះសុំអោយអ្នកកាសែតសួរទៅគល់ សួរទៅខាងក្រុមហ៊ុនគេផ្ទាល់នៅឯខេត្តព្រះវិហារនោះទៅ ព្រោះជួនកាលរថយន្តដឹកឈើខាងលើនេះឆ្លងកាត់ក៏មិនបានប្រាប់លោកផងដែរ។
សូមឯកឧត្តម ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ មេត្តាត្រួតពិនិត្យក្រុមហ៊ុន ដួងស្រួច ដែលប្រើសុទ្ធតែរថយន្តយីឌុបដឹកឈើពេញហៀរជារៀងរាល់យប់ពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ក្រុងសំរោង ឆ្ពោះទៅខេត្តបន្ទាយមានជ័យទាំងនេះផង ព្រោះគេសង្ស័យថា ក្រុមហ៊ុនខាងលើនេះអាចមិនមានច្បាប់ត្រឹមត្រូវ ហើយដឹកឈើលើសទម្ងន់ ជាហេតុនាំ អោយបាក់ស្ពាន ខូចថ្នល់ បាត់បង់ថវិការរបស់រដ្ឋ៕