eete
ខេត្តរនៈគិរី ៖ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៧៨ បានឲ្យដឹងថា តាំងពីចូលឆ្នាំ២០១៧ ភ្លាមបទល្មើសព្រៃឈើ ឆ្លងដែនខុសច្បាប់ក្នុងខេត្តរតនគិរីមានការកើនឡើងជាលំដាប់ ដោយមានការឃុបឃិតជាប្រព័ន្ធដោយមានការបើកដៃពីរលោក អ៊ី ចំរើន នាយកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងលោក អាន អង្គាររ៉ា ប្រធានស្នាក់ការគយ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដោយលោក អ៊ី ចំរើន ។
កូនចៅលោកឈ្មោះ ហេង សុវណ្ណ ជាអ្នកកត់ក្បាលឡាន និងជាអ្នកបើកផ្លូវឲ្យពួកឈ្មួញឈើឆ្លងដែនយកឈើប្រណីតគ្រប់ប្រភេទទៅលក់នៅប្រទេសវៀតណាមដោយសេរីដោយមិនមានការបង្ក្រាប ឬចាប់អ្វីឡើង ដោយមួយថ្ងៃរថយន្តសាំយ៉ុងមិនតិចជាង៥០គ្រឿងទេ ដែលបានឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាមទាំងថ្ងៃទាំងយប់។ លោក អ៊ី ចំរើន ដែលទើបឡើងកាន់តំណែង មិនទាន់បានប៉ុន្មានផងនោះ ត្រូវបានប្រជាពលរដ្ឋរិះគន់ចំៗរឿងពុករលួយកំពុងកើបលុយពីពួកឈ្មួញឈើ ដើម្បីស្រង់មកវិញ ដើម្បីកុំឲ្យខាត។
មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋក៏បានរិះគន់ទៅរឿងជនជាតិវៀតណាមឆ្លងដែនមកកាប់បំផ្លាញព្រៃឈើក្នុងព្រៃសហគមន៍ផងដែរ ដោយលោកបានបណ្ដោយឲ្យជនជាតិវៀតណាម ចេញចូលដោយគ្មានលិខិតស្នាមដោយសេរីផងដែរ។ ចំណែកតាមផ្លូវជាតិលេខ៧៨ ឃើញថាមានកុងត្រូលជជុះជាច្រើនកន្លែងដាក់ផ្លាកពិនិត្យអាវុធជាតិផ្ទុះ និងជញ្ជីង តែផ្ទុយទៅវិញកុងត្រូលជជុះតាមផ្លូវទាំងនោះដាក់ចាំតែយកលុយពីឈ្មួញឈើប្រណីតតែប៉ុណ្ណោះ។ ទង្វើបែបនេះហើយដែលបណ្ដោយឲ្យព្រៃឈើ ក្នុងខេត្តរតនគិរីត្រូវបានវិនាសហិនហោចស្ទើរតែទាំងស្រុងទៅហើយ។
ទោះជាមានការដឹកជញ្ជូនឈើប្រណីត ឆ្លងដែនខុសច្បាប់ដោយសេរីក៏ដោយ តែលោកអភិបាលខេត្តរតនគិរី លោក ថង សាវុន និងមេព្រៃ លោក កែប កត់ និងលោក ឡេង យុគ្គ ក៏នៅតែគ្មានវិធានការណាទប់ស្កាត់បញ្ហាដឹកជញ្ជូនឈើប្រណីតឆ្លងដែនដែរ។ តាមសេចក្ដីរាយការណ៍ ពីក្រុមឈ្មួញបានបញ្ជាក់ផងដែរថាលោក អាន អង្គាររ៉ា ប្រធានស្នាក់ការគយប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យកូនចៅរាប់ក្បាលឡានយកតែប្រាក់តែប៉ុណ្ណោះ ដោយ១ឡានសាំយ៉ុង ចំនួន៤០០ ០០០៛ (មួយសែនរៀល) និងខាងកាំកុងត្រូលមួយឡាន ចំនួន២០០ ០០០៛ (ពីរសែនរៀល)។
ទង្វើពុករលួយមន្ត្រីក្រោមឱវាទរបស់លោក កង សារឿន ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កំពុងតែធ្វើខុសពីច្បាប់ដែលបណ្ដោយឲ្យក្រុមឈ្នួញដឹកជញ្ចូនឈើប្រណីតទៅលក់នៅប្រទេសវៀតណាមទាំងថ្ងៃទាំងយប់ ។
យើងសង្ឃឹមថាលោកអភិបាលខេត្តនឹងចាត់វិធានការទៅលើរឿងនេះ ព្រោះថាឲ្យតែខាងសារព័ត៌មានយើងធ្វើការថតរូបភាពឡានដឹកឈើប្រណីតរហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺថាមានការរាំងស្ទះមិនឲ្យថតទេ ហើយខាងច្រកទ្វារបានធ្វើការដាក់ផ្លាកហាមថត ដើម្បីជាឡេះធ្វើបាបអ្នកសារព័ត៌មានមិនឲ្យថតឡានឈើបាន។ ពាក់ព័ន្ធករណីខាងលើ ក្រុមអ្នកសារព័ត៌មាន ពុំអាចសុំការបំភ្លឺពីលោក អាន អង្គាររ៉ា និងលោកអ៊ី ចំរើន បាននៅឡើយទេ៕