មណ្ឌលគិរីៈ បុរសជនជាតិវៀតណាមចំនួន ៧ នាក់ និងរថយន្តកែច្នៃធុនធ្ងន់ចំនួន ៨ គ្រឿងត្រូវបា
នកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់បានកាលពី ព្រឹកថ្ងៃពុធ ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងដោយខុសច្បាប់នៅក្នុងតំបន់ អភិរក្សជីវៈចម្រុះកែវសីមា ខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃពុធម្សិលម្ង៉ៃ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងកាលពីម្សិលមិញ ថាបុរសឈ្មោះ ង្វៀង តុងយ៉ុង អាយុ ៤៦ ឆ្នាំ ជនជាតិវៀតណាម និងបក្ខពួករបស់គេចំនួន ៦ នាក់ទៀតត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធ ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើដោយខុសច្បាប់នៅចំណុចអូរហ៊ុច និងអូរដាក់ការក្នុងភូមិសាស្ត្រតំបន់អភិរក្សជីវៈចម្រុះកែវសីមា ខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការនោះក្រុមសមត្ថកិច្ចបានរឹបអូសរថយន្តប្រភេទ ម៉ារ៉ែន (រថយន្តដែលគេកែច្នៃដើម្បីដឹកឈើធំៗនៅក្នុងព្រៃ) ចំនួន ៨ គ្រឿង និង ឈើមូលដែលរួមមានឈើកកោះ សុក្រំ ស្រឡៅ គគីរ តាត្រាវ និងត្រសេក សរុបចំនួន ១៤៥ កំណាត់ដោយមានប្រវែងពី ៥ ម៉ែត្រដល់ ៧ ម៉ែត្រក្នុងមួយកំណាត់។ លោកបានបញ្ជាក់ថា៖ «ពួកគេត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថយើងបញ្ជូនទៅកាន់ ទីស្នាក់ការតំបន់អភិរក្សជីវៈចម្រុះកែវសីមាដើម្បីធ្វើការសាកសួរហើយ នៅថ្ងៃសុក្រនេះសមត្ថកិច្ចយើងគ្រោងនឹងបញ្ជូនខ្លួនពួកគេទៅកាន់ តុលាការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»។
បើតាមលោក អេង ហ៊ី នៅក្នុងយុទ្ធនាការឆ្មក់បង្ក្រាបចាប់បទល្មើសព្រៃឈើក្នុងតំបន់ អភិរក្សជីវៈចម្រុះ សត្វព្រៃកែវសីមាពីព្រឹកថ្ងៃពុធនោះក្រុមកម្លាំងកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសក៏បានចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៥ នាក់ផងដែរ ខណៈពួកគេកំពុងជិះម៉ូតូដោយមានរណារយន្តមួយគ្រឿងចូលទៅក្នុងព្រៃ នៃតំបន់អភិរក្សខាងលើនេះ។ ប៉ុន្តែពួកគេត្រូវបានដោះលែងឲ្យត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយពីបានធ្វើការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើតទៅទៀត។
ជាមួយគ្នានេះលោក កែវ សុភ័ក្ដិ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក៏បានឲ្យដឹងផងដែរថាជនជាតិ វៀតណាមទាំងនោះបានលួចឆ្លងចូលមកកាប់ឈើក្នុងតំបន់អភិរក្ស ជីវៈចម្រុះ និង សត្វព្រៃកែវសីមា តាមច្រករបៀងអូរហ៊ុច និង អូរដាក់ការដែលស្ថិតក្នុងស្រុកកែវសីមាជាប់ជួរបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម។ ច្រករបៀងទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពវរការពារ ព្រំដែនលេខ ៦២១។ លោកបន្តថាកាលពីម្សិលមិញក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការ សាកសួរ និងចោទប្រកាន់ពួកគេពីបទ «ប្រមូល និងដឹកជញ្ជូនឈើដោយគ្មានការអនុញ្ញាត និងគ្មានអាជ្ញាប័ណ្ណ» ហើយនៅព្រឹកថ្ងៃសុក្រនេះពួកគេនឹងត្រូវសាកសួរបន្តដោយក្រុម មន្ត្រីបរិស្ថានរបស់លោកមុនពេលពួកគេត្រូវបញ្ជូនទៅកាន់តុលាការ ខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ «យ៉ាងណាក៏ដោយជនជាតិវៀតណាមល្មើសច្បាប់ទាំងនេះនឹងត្រូវប្រឈមមុខ ចំពោះការចោទប្រកាន់ពីបទចូលកាប់ឈើក្នុងតំបន់អភិរក្សជីវៈចម្រុះ ដោយខុសច្បាប់ និងការប្រមូល និងដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវតាមមាត្រា ៦២ និងមាត្រា ៦៣ ស្តីពីច្បាប់តំបន់ការពារធនធានធម្មជាតិ»។
បើតាមប្រជាសហគមន៍ជនជាតិវៀតណាមតែងតែលួចឆ្លងដែនចូលមកកាប់ឈើជា ញឹកញាប់ដោយមានការឲ្យដៃពីសមត្ថកិច្ចខ្មែរនៅតាមច្រកព្រំដែន៕