បែកធ្លាយអំពើពុករលួយនៅផ្សារដើមគរទៀតហើយ
ខេត្តស្ទឹងត្រែង ៖ ថ្មីៗនេះ មានលេចឮរឿងផ្ទៃក្នុងជាច្រើន ទាក់ទិនការកាប់ព្រៃឈើដែលគ្មានលិខិតទទួលស្គាល់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាមន្ទីរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលព្រៃឈើនេះ បើតាមការផ្តល់ព័ត៌មានសម្ងាត់ពីមន្ត្រីជំនាញសុំមិនបញ្ចេញឈ្មោះ ។
ប្រភពព័ត៌មានអោយដឹងថា ក្រោយដេប៉ូរោងចក្រ (ឃ្លាំងស្តុកឈើសម្រាប់កែច្នៃក្រោយកាប់នាំមកពីតំបន់ត្រូវសម្អាតបាតអាង) ស្ថិតនៅផ្លូវគ្រួសក្រហម៧៨ចាស់ ត្រូវបានរុះរើទៅតម្រាប់ម៉ាស៊ីនរ៉ៃរាប់រយគ្រឿងនៅត្រើយខាងទន្លេសេសានគ្រប់គ្រង ដោយក្រុមហ៊ុនសម្អាតបាតអាងស្រាប់រយៈកាលប៉ុម្មានខែមកនះ មានការផ្តើមបង្កើតឃាំងស្តុកឈើថ្មីមួយទៀត ស្ថិតនៅចំណុចក្បាលស្ពានបណ្តែតទឹកក្រោមទំនប់វារីអគ្គីសនីសេសានក្រោម២ ។
មន្ត្រីជំនាញបានបន្តថា បច្ចុប្បន្ន នៅតំបន់គ្រប់គ្រងសម្អាតបាតអាងវារីអគ្គីសនីសេសានក្រោម ២ ត្រូវបានផ្ទេរឡាយសិនឲ្យទៅឧកញ៉ាជ័យ និងផ្តល់សមត្ថភាពអោយកូនចញ្ច្រែង ២ នាក់ សម្រាប់ទទួលខុសត្រូវលើការងារប្រមូលឈើក្រៅរង្វង់បាតអាង មកស្តុកនិងដើម្បីនាំចេញក្នុងនោះមានលោក សាន ចយ និងលោក ទឹម ប៊ុនលីន ។
ប្រភពដដែលបន្តថា ក្រុមទី១មានលោក សាន ចយ គ្រប់គ្រងក្នុងភូមិសាស្ត្រ ឃុំតាឡាត ខ្សាច់ថ្មី ទៅដល់ស្រុកសៀមប៉ាង ដែលមានរថយន្តអារ៉េវ សម្រាប់ដឹកជញ្ជូនក្នុងព្រៃជិត២០០គ្រឿងរួមជាមួយគោយន្តកន្ត្រៃជាង២០០គ្រឿងទៀតដោយមានលោក ហឿន ប៊ុនជឿន រស់នៅភូមិស្រែគរជាមេការរាប់រងប្រមូលឈើពីព្រៃចូលឃ្លាំង រួចកែច្នៃដឹកតាមរថយន្តធុនធំនាំចែកចាយក្នុងស្រុកនិងក្រៅស្រុក(ប្រទេសវៀតណាម)។
ដោយឡែក លោកទឹម ប៊ុនលីន គ្រប់គ្រងក្នុងភូមិសាស្ត្រចាប់ពីឃុំស្តៅ រហូតដល់ញើនដោយបានបង្កើតទីតាំងប្រមូលឈើខុសច្បាប់ នៅក្បាលស្ពានបណ្តែតទឹកក្រោមទំនប់វារីអគ្គីសនីសេសានក្រោម២។ប្រភពដដែលបន្តថាលោក ទឹម ប៊ុនលីន បានប្រើប្រាស់រថយន្តប៉ាកុងជាង១០០គ្រឿង ចូលកាប់ឈើក្រៅរង្វងបាតអាងចូលឃ្លាំងរួចកែច្នៃនាំចេញចែកចាយដូចគ្នា។
ប្រភពព័ត៌មានពីមន្ត្រីជំនាញថា ទាក់ទិនការកាប់បំផ្លាញសម្បត្តិព្រៃឈើខាងលើ មិនមានការពាក់ព័ន្ធជាមួយក្រុមសម្អាតបាតអាងរបស់អ្នកឧកញ៉ា គិត ម៉េង នោះទេ តែមានលោកបានផ្ទេរឡាយសិនទៅ ឧកញ៉ា ជ័យ យកទៅប្រើប្រាស់កាប់ឈើខុសគោលដៅ ហើយបាតអាងត្រូវគេបញ្ជាក់ថា មិនអាចលាតសន្ធឹងទៅដល់ស្រុកសៀមប៉ាងកន្ទុយនាគ និងឃុំស្តៅ រហូតដល់ញើន ស្ទើរជាប់ព្រំដែនឡាវនោះដែរ ។
ផ្ទៃដីត្រូវសម្អាតបាតអាងមានចំនួន៣៦០០០ហិកតា បច្ចុប្បន្នក្រុនហ៊ុនបានសម្រេចតាមផែនការ៥១ភាគរយ ដោយនៅសល់់ចំនួន៤៩ភាករយទៀតត្រូវអនុវត្តបន្ត ។
ប្រភពអោយដឹងថា នៅប៉ុន្មានខែចុងឆ្នាំ២០១៧នេះ នឹងត្រូវបិទទំនប់ទឹកទាំងស្រុង ដូច្នេះភាគរយផែនការដែលត្រូវអនុវត្តបន្តសល់ច្រើន តើអាចទានពេលដែរទេ បើរយៈពេលច្រើនឆ្នាំកន្លងមកហើយ ទើបសម្រេចបាន៥១ភាគរយចុះ៤៩ភាគរយទៀត សម្អាតទាន់ឬយ៉ាងត្រឹមប៉ុន្មានខែទៀសោះ ។
ប្រភពបន្តថា នេះគ្រាន់ជារបាយការបំភ្លៃដើម្បីពន្យាពេលបានយូរដើម្បីប្រមូលឈើខុសគោលដៅប៉ុណ្ណោះ ។ គេបញ្ជាក់ត្រឹមទំហំផ្ទៃបាតអាងប៉ុណ្ណោះ តែគេមិនបានបញ្ជាក់លម្អិតអំពីការកាប់ឈើខុសគោលដៅស្ថិតនៅឃុំតាឡាត ខ្សាច់ថ្មី ដល់ស្រុកសៀមប៉ាង កន្ទុយនាគ និងភូមិសាស្ត្រឃុំស្តៅ រហូតដល់ញើន ជាប់ព្រំដែនឡាវនោះទេ ៕