ហ៊្វុនស៊ិនប៉ិច៖ លោក ញឹក ប៊ុនឆៃ បានលក់ទីស្នាក់ការបក្សតម្លៃជាង ៨លានដុល្លារ អំឡុងធ្វើបក្សប្រហារ
ដូចការទស្សន៍ទាយទុក គឺលោក គឹម សុខ អាយុ៣៦ឆ្នាំ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារហើយនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បទល្មើសមានចែងក្នុងមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ) និងបទបរិហារកេរ្តិ៍ជាសាធារណៈ(បទល្មើសមានចែងក្នុងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ) ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានចាប់អារម្មណ៍ទៅនឹងដំណើរការបណ្តឹងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីតាមរយៈឯកឧត្តមមេធាវី គី តិច ប្តឹងប្រឆាំងលើលោក គឹម សុខ និងចំណាត់ការនីតិវិធីរបស់ស្ថាប័នតុលាការកម្ពុជា ដូចខាងក្រោម ៖
១-ដើមបណ្តឹងរដ្ឋប្បវេណី គឺបុរសខ្លាំងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែ និងមានទ្រព្យសម្បត្តិមហាសាលនៅកម្ពុជា ព្រមទាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង ។ ទំនងជាបុរសខ្លាំង«ឆេះដុំ» ពេញបន្ទុកទើប«ចេញយក្ស» ប្រគល់សិទ្ធិតំណាងដោយអាណត្តិឲ្យមេធាវីរៀបចំឯកសារត្រៀមប្តឹងប្រឆាំងលើលោក គឹម សុខ «ទាំងយប់» គឺរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
២-ពាក្យបណ្តឹងទាមទារឲ្យលោក គឹម សុខ សងសំណងជំងឺចិត្តសន្ធឹកសន្ធាប់រហូតដល់ចំនួន២ពាន់លានរៀល(ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក) ដល់គណបក្សប្រជាជនកម្ពុជា ។
៣-ពាក្យបណ្តឹងចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានលោកព្រះរាជអាជ្ញារង សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការយ៉ាងក្តៅគគុក និងមានល្បឿនលឿនប្រដូចនឹង«មីស៊ីល» ចេញដីកាបង្គាប់លេខ៩៥៨អយឋ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ (ជាថ្ងៃតែមួយ) ឲ្យសមត្ថកិច្ចនគរបាលហាមលោក គឹម សុខ ជាជនសង្ស័យដែលមិនទាន់មានទោសទណ្ឌនៅឡើយ មិនឲ្យចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់បរទេស ។
៤-រយៈពេលត្រឹមតែ០៤ថ្ងៃប៉ុណ្ណោះក្រោយពីមានពាក្យបណ្តឹង ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានកោះហៅឲ្យលោក គឹម សុខ ជាជនសង្ស័យចូលខ្លួនឆ្លើយបំភ្លឺដោះបន្ទុកនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧តែម្តង ។ លើសពីនេះ នៅពេលជនសង្ស័យស្នើសុំឲ្យមានការពន្យារពេលចូលខ្លួនឆ្លើយបំភ្លឺដើម្បីត្រូវការពេលវេលាពឹងពាក់មេធាវីការពារក្តីនោះ បែរជាតុលាការមិនអនុញ្ញាតយល់ព្រមឡើយ ។ នៅទីបំផុត លោក គឹម សុខ ក៏បានក្លាយជាជនត្រូវចោទ និងត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារក្រោមទម្ងន់នៃបណ្តឹងចោទប្រកាន់របស់បុរសខ្លាំងជាប្រធានគណបក្សកាន់អំណាច និងជានាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល ៕