គណបក្សហ៊្វុនស៊ិនប៉ិចថា លោក ញឹក ប៊ុនឆៃ និងបក្ខពួក ចង់ដណ្តើមកាន់កាប់ទីស្នាក់ការបក្ស
ក្នុងរបត់នយោបាយនៃព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺអ្វីៗមិនអាចប្រាកដប្រជាទាំងស្រុងបានឡើយ តួយ៉ាងអ្នកធ្លាប់ជេរប្រមាថ និងប្រឆាំងថ្ងៃ ០៧ មករា ១៩៧៩ ដែលគណបក្សប្រជាជនកម្ពុជា និងបុរសខ្លាំងចាត់ទុកថាជា «ថ្ងៃកំណើតទី២» ក៏អាចទទួលបានបុណ្យស័ក្តិធំផងដែរ បន្ទាប់ពី «ចុះចូល» និង «ឈប់ជេរប្រមាថ ឬប្រឆាំងថ្ងៃ ០៧ មករា ១៩៧៩» ហើយក្រោយការ «ចុះចូល» ឬ «ឈប់ប្រឆាំងថ្ងៃ ០៧ មករា ១៩៧៩» ក៏មិនមែនមានន័យថាចេះតែឡើងបុណ្យស័ក្តិ និងសុខស្រួលរហូតដែរ ដូចករណីលោក ស៊ុត ឌីណា ហៅ ម៉ៅ មឿងយ៉ាត ជាឧទាហរណ៍ស្រាប់ ពោលមាន «វាសនាលិច-អណ្តែត»ភ្លាមៗសឹងមិនគួរឲ្យជឿ ។
កាលអតីតនៅជាប្រធានក្រុមប្រឹក្សារណសិរ្សប្រជាធិបតេយ្យនិស្សិត បញ្ញវន្តខ្មែរ(របនបខ) លោក ស៊ុត ឌីណា ហៅម៉ៅ មឿងយ៉ាត ធ្លាប់បានដាក់លិខិតទៅក្រសួងមហាផ្ទៃស្នើសុំបើកសមាគមមួយមានឈ្មោះថា «សមាគមខ្មែរ កិច្ចព្រមពៀងទីក្រុងប៉ារីស និងប្រឆាំង០៧ មករា » និងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៨ លោក ស៊ុត ឌីណា ហៅម៉ៅ មឿងយ៉ាត ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយ ចាត់ទុកថា «ថ្ងៃទី០៧ មករា ១៩៧៩ គឺជាថ្ងៃយួនឈ្លានពានកម្ពុជា» មានន័យថា បានជេរប្រមាថ និងប្រឆាំងថ្ងៃ០៧ មករា ១៩៧៩ យ៉ាងពេញទំហឹង ។
បន្ទាប់ពីបានយកគណបក្សរណសិរ្សជនជាតិខ្មែរ ដែលកើតចេញពីរណសិរ្សប្រជាធិបតេយ្យនិស្សិត បញ្ញវន្តខ្មែរ(របនបខ)ថ្វាយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ធ្វើជាស្ពានបង្កើតគណបក្សនយោបាយឈ្មោះ នរោត្តម រណប្ញទ្ធិ ក្រោយយាងចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចបានសម្រេចនោះ លោក ស៊ុត ឌីណា ក៏បានកែប្រែជំហរឈប់ជេរប្រមាថ និងត្រឡប់មកដង្ហែគាំទ្រថ្ងៃ ០៧ មករា ១៩៧៩ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ហើយក៏ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដោយព្រះរាជក្រឹត្យនស/រកត/០៦០៩/៧០៣ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ និងទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៤នៃរដ្ឋសភា មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៩/៧០៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ ។