លោក ចាន់ តារា មេគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍និងបក្សពួកប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ.!
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានឲ្យដឹងថា ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១រហូតមកដល់ខែកក្កដា ឆ្នាំ២០២៤ នេះឈ្មួញទាំងតូចទាំងធំសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រៃវល្លិ៍ យ៉ាងគំហុកដោយសារមានការបើកដៃពីលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ទើបលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយឡើយ។ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ហេង សំបូរ និងលោក ចាន់ តារា ទាល់តែសោះ។
តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ពេលនេះគឺលោក ចាន់ តារា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញ បន្ទុកទំនិញដែលឈ្មួញធំៗនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បង់ពន្ធមិនដល់ ៥០ ភាគរយផងទេ! ហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក ចាន់ តារា យ៉ាងរលូន។ ចំណែកលោក ហេង សំបូរប្រធានសាខាគយខេត្តស្វាយរៀង បណ្តោយឲ្យលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក ចាន់ តារា បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក ហេងសំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ទេនោះគឺលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ មិនហ៊ានប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃដូចសព្វថ្ងៃនេះទេ។ បច្ចុប្បន្នឈ្មួញធំៗសុទ្ធតែសុំការយោគយល់ពីលោក ចាន់ តារា ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន និងទទួលបានផលចំណេញច្រើន ហើយឈ្មួញតូចតាចត្រូវប្រឈមនឹងការគាបសង្កាត់យកលុយលើតុក្រោមតុគ្មានទីបញ្ចប់។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះអំពើពុករលួយរបស់លោក ចាន់តារា មេគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ជារឿងមិនអាចបិទ បាំងបាននោះទេ។សូមរងចាំអានភាគបន្ត