លោក ជួប ចំរើនប្រធានសាខាគយខេត្តកំពតឡើងកាន់តំណែងភ្លាមពង្រាយកូនចៅគ្រប់ច្រកល្ហកប្រព្រឹត្តជំរឹកយកលុយពីក្រុមឈ្មួញតូច ធំ ដើម្បីប្រមូលលុយស្រង់ដើមតាមរបៀបពុករលួយ!
មកដល់ពេលនេះអំពើពុករលួយរបស់លោក ជួប ចំរើន មេគយខេត្តកំពត ក្នុងការបើកដៃឲ្យ ឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក ច្រកតន់ហន់និងតាមដែនសមុទ្រយ៉ាងពេញបន្ទុក គឺជារឿងមិនអាចបិទបាំងបានតទៅទៀតឡើយ។
ប្រភពពីមន្ត្រីគយក្នុងខេត្តកំពតបានឲ្យដឹងថាសព្វថ្ងៃនេះមានមន្ត្រីគយម្នាក់ជាមនុស្សជំនិតរបស់លោក ជួប ចំរើនឈ្មោះសារឿនកំពុងដើរធ្វើធ្វើព្យុះភ្លៀងគ្រប់ច្រល្ហកតាមតំបន់ព្រំដែននិងតាមផ្លូវជាតិដើម្បីប្រមូលលុយស្រស់ៗពីក្រុមឈ្មួញ តូចនិង ធំតាមអំពើចិត្ត។
រយៈពេលប៉ុន្មានខែកន្លងទៅនេះមេគយខេត្តកំពត គឺលោក ជួប ចំរើន បានសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សជុំវិញការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនសមុទ្រ ដើម្បីប្រមូលលុយដាក់ហោប៉ៅយ៉ាងក្រអឺតក្រទម។
រឿងរ៉ាវពុករលួយរបស់លោក ជួប ចំរើន មេគយខេត្តកំពត ត្រូវបានមន្ត្រីគយនិងភ្នាក់ងារគយតូចតាចក្នុងខេត្តនេះបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យលោក គុណ ញឹម ជាអគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានដឹងនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ដោយហេតុថា លោក ជួប ចំរើន បន្ទាប់ពីទទួលបានតំណែងជាមេគយខេត្តកំពត ក៏មានឈ្មោះល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ។ ទន្ទឹមនឹងនេះក៏មានក្រុមមន្ត្រីគយតូចតាចក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហើបឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីមន្ត្រីគយធំៗនៅខាងលើទេនោះគឺ លោក ជួប ចំរើន មេគយខេត្តកំពត មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។
សេចក្តីរាយការណ៍ពីមន្ត្រីគយតូចតាចក្នុងខេត្តកំពត បានឲ្យដឹងថាចាប់តាំងពីលោក ជួប ចំរើនទទួលបានតំណែងជាមេគយខេត្តកំពតថ្មីៗ រហូតមកគឺឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដោយសារមានការឃុបឃិតបើកដៃពី លោក ជួប ចំរើនតែម្តង។ ប្រការនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ។ទោះបីយ៉ាងណាសារព័ត៏មានសូមរងចាំការបំភ្លឺ៕អានភាគបន្ត