បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់
(តាកែវ)៖ អាជីវករអ្នករកស៊ីដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ។
បានលើកឡើងថា មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តតាកែវ តែងតែដេញស្ទាក់ ចាប់រថយន្តដឹកទំនិញគ្រឿងជ័រ របស់ពួកខ្លួនជាញឹកញយ..!។
ដើម្បីកំណត់យកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ៗ ដោយពុំចេញវិក្កយបត្រ ឬ ផាកពិន័យបង់ពន្ធចូលរដ្ឋអ្វីឡើយ។
ករណីនេះពុំមានការបកស្រាយពីលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ.នោះទេ!។អាជីវករម្នាក់ ដែលប្រកបការងារដឹកទំនិញគ្រឿងជ័រ ពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដោយប្រើរថយន្តកូរ៉េ.!។
បានបញ្ជាក់ថា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តតាកែវ បានចាប់រថយន្តដឹកទំនិញរបស់ខ្លួន និងបានកំណត់យកលុយពីគាត់ បានសម្រេចជាង១០លានរៀល ទើបព្រមដោះលែងវិញ! ។
អាជីវកររូបនេះបញ្ជាក់ទៀតថា លុយជាង១០លានរៀល ដែលខ្លួនបានប្រគល់ឱ្យទៅមន្ត្រីគយនៅពេលនោះ ជាការសម្របសម្រួលស្ងាត់ៗ រវាងខ្លួននិងមន្ត្រីគយ ពោលគឺពុំមានចេញវិក្កយបត្របង់ពន្ធចូលរដ្ឋនោះទេ។
អាជីវករដដែលបន្ថែមថា មិនមែនមានតែរូបគាត់ប៉ុណ្ណោះទេ ដែលត្រូវមន្ត្រីគយខេត្តតាកែវ ចាប់រថយន្តដឹកទំនិញ សម្រួលយកលុយនោះ!។
ពោលគឺ អាជីវករដទៃទៀត ក៏មានវាសនាមិនខុសពីខ្លួនដែរ ដោយត្រូវបានមន្ត្រីគយខេត្តតាកែវចាប់រថយន្តដឹកទំនិញជាបន្តបន្ទាប់ ក្រោមហេតុផលបង់ពន្ធមិនគ្រប់.!។
ដើម្បីសម្រួលយកលុយជាហូរហែ ជាថ្នូរនិងដោះលែងវិញស្ងាត់ៗ ដោយពុំមានការផាកពិន័យចូលរដ្ឋ នោះឡើយ។
ខណៈសកម្មភាពបែបនេះ គឺមានជាយូរ.ខែ.ឆ្នាំមកហើយ រហូតក្លាយទៅជាទម្លាប់ទៅហើយ..!។
ទន្ទឹមនិងនោះ កាលពីយប់ទី២៤.១០.២០២៣ មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តតាកែវ ក៏បានចាប់រថយន្តដឹកទំនិញគ្រឿងជ័រ ចំនួន២គ្រឿងផងដែរ..!។
ប៉ុន្តែលើកនេះ មន្ត្រីគយ បានប្ដូរគោលការពីការចាប់សម្រួលយកលុយស្ងាត់ៗ មកជាការផាកពិន័យ ចូលរដ្ឋជំនួសវិញ!។
ដោយរថយន្ត១គ្រឿង មន្ត្រីគយទារផាកពិន័យចំនួន១០.២០០$(មួយម៉ឺនពីររយដុល្លារ) និងរថយន្ត១គ្រឿងទៀត គយទារផាកពិន័យ ដល់ទៅជាង ៩.០០០$(ប្រាំបួនពាន់ដុល្លារ)ឯណោះ!។
បើតាមការលើកឡើងពីអាជីវករ ទោះបីជាពួកគាត់ បង់ពន្ធនាំចូលនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ហើយក្ដី!។
ប៉ុន្តែរាល់ការដឹកជញ្ជូនទំនិញរបស់ខ្លួន គឺត្រូវបង់លុយបាយទឹកឱ្យមន្ត្រីគយ តាមដងផ្លូវជាបន្តបន្ទាប់ ក្នុង១កន្លែងៗ អស់ចាប់ពី៥០.០០០រៀល ទៅ១០០.០០០រៀល ជាកំហិត។
លើសជាងនេះទៀត ពួកគាត់ក៏ប្រឈម នឹងការចាប់សម្រួល យកលុយជាង១០លានរៀលសម្រាប់រថយន្ត១គ្រឿងៗថែមទៀត..!។
កត្តាទាំងនេះហើយ បណ្ដាលឱ្យពួកខ្លួន ដែលជាអ្នកប្រកបការងារដឹកជញ្ជូនទំនិញពីវៀតណាមចូលមកកម្ពុជា ដោយឆ្លងកាត់ភូមិសាស្ត្រខេត្តតាកែវ ជួបការលំបាកកាន់តែខ្លាំង រហូតរកប្រាក់ចំណេញលែងបាន ហើយប្រឈមនិងក្ស័យធន!។
-នេះគ្រាន់តែជាប្រភពនៃការអះអាង របស់អាជីវករប៉ុណ្ណោះ«ដើមរាំង»មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យថា ជាការពិតឬយ៉ាងណានោះទេ…។
ដោយនៅព្រឹកទី០២.០១.២០២៤«ដើមរាំង»បានព្យាយាមសុំការបញ្ជាក់ពីលោក ស៊ុន ឆាយប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ.ប៉ុន្តែលោកពុំបកស្រាយឡើយដោយថ្លែងយ៉ាងខ្លីថា ខ្ញុំរវល់ប្រជុំរួចក៏ចុចបិទទូរស័ព្ទ..!។គួរម្លឹកថា កាលពីថ្ងៃទី០៩.ខែវិច្ឆិកា.ឆ្នាំ២០២៣ ក្រុមអាជីវកររាប់រយនាក់ បានប្រមូលផ្ដុំគ្នាផ្ទុះការតវ៉ានៅមុខស្នាក់ការគយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវខេត្តតាកែវ។
ដោយពេលនោះ អាជីវករ ទាមទារ៣ចំណុច៖
ទី១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃទាបដូចពីមុន!។
២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ..!។
៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុងស៊ីឈ្នួលដឹកទំនិញ”អីវ៉ាន់ចាប់ហួយ”ឱ្យគេ!។
យ៉ាងណាក៏ដោយ អាជីវករសូមស្នើដល់លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមេត្តាចាត់វិធានការស្រាវជ្រាវចំពោះករណីខាងលើផងទាន! ។
ដើម្បីជៀសវាងកុំឱ្យមហាជន ចោទប្រកាន់ថា ករណីចាប់រថយន្តដឹកទំនិញ សម្រួលយកលុយស្ងាត់ៗ ដោយមិនផាកពិន័យចូលរដ្ឋ ជាសិល្បៈច្រវាចិញ្ចឹមឆ្ដោ៕