ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា
(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះសមាជិក របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សរុបចំនួន ១០៦ ៨៦២នាក់ ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលជីវជ្ជាវៈនៅថ្ងៃទី២ មករា ឆ្នាំ២០២៤។
លោកបន្ថែមថា ក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះ មានបុគ្គលស្វ័យនិយោជន៍ចំនួន ៩៧០៣១នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៩៨៣១នាក់។ ក្នុងនោះសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន ៤៩៩២៩ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន៧៩៩,២៩លានរៀល។
បើតាមលោក កត្តា អ៊ន, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន សរុបចំនួន ៤ ៥៩៩លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៧១ ១២៩នាក់។ ការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញ សង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមាន ប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ៣៥៧ដង និងចំនួនចូលទស្សនា ១២៦៩៨ដងបន្ថែមទៀត។
លោករដ្ឋលេខាធិការបានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននឹងកំពុងបន្តយុទ្ធនាការរបស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីកម្មវិធីថ្នាក់ជាតិស្តីពី របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត តាមទីសាធារណៈ ក្នុងផ្ទះ និងរោងចក្រឧស្សាហកម្មនានានៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងចុះឈ្មោះពលរដ្ឋដើម្បីប្រើប្រាស់បណ័្ណ ប.ស.ស.។
លោកបន្តថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស បានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើនដែលចង់ចូលជាសមាជិក ប.ស.ស. ក៏ដូចជាក្តីប្រាថ្នារបស់បងប្អូនកម្មករនិយោជិតភាគច្រើន ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព ក្នុងចិត្តបងប្អូនកម្មករនិយោជិត ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។
ការប្រកាសនេះបន្ទាប់ពីរាជរដ្ឋាភិបាលក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសដាក់ឲ្យអនុវត្តផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣៕