សង្រ្កាន្ត ដ៏ អស្ចារ្យ ឆ្នាំថ្មី ក្នុង ខេត្តបាត់ដំបង ដែលរៀបចំឡើងដោយក្រុម ស.ស.យ.ក ខេត្ត បាត់ដំបង ដែលមានក្រុម ស.ស.យ.ក
សង្ក្រាន្តបាត់ដំបង ត្រូវបានចែកជាតំបន់ផ្សេងៗគ្នា ៩កន្លែងរួមមាន ១-ពិព័រណ៍ទូទៅ ២-តំបន់ត្រជាក់ចិត្ត ៣-តន្ត្រីស្រុកស្រែ ៤-អាហារនៃក្តីស្រឡាញ់ ៥-ភូមិស.ស.យ.ក ៦-ភូមិម្ហូបខ្មែរ ៧-តន្ត្រីសម័យ ៨-ភូមិក្បាច់គុន ៩-តំបន់សាសនា។
លោក ស រដ្ឋា បានថ្លែងថា ដោយការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តដែលមាន លោក សុខ លូ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរជំនាញនានាជុំវិញខេត្ត ព្រមទាំងកងកម្លាំងទាំងបីប្រភេទរ ចលនាយុវជនហើយផ្តល់តួនាទីភារកិច្ចនេះ ដើម្បីក្រុមការងារសភាពសហព័ន្ធយុវជន ខេត្តបាត់ដំបង ក្នុងអត្ថន័យ«សង្រ្កាន្តឆ្នាំ២០២៣ ក្រោមម្លប់សន្តិភាព»។
លោក ស រដ្ឋា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) បានថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ នៅទីតាំងក្នុងវិទ្យាល័យ នេត យ៉ង់ឲ្យដឹងថា សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៣នេះ នឹងមានពលរដ្ឋមកលេងច្រើនជាងឆ្នាំមុន។លោក ស រដ្ឋា បានបន្តថា ព្រឹត្តការណ៍សង្រ្កាន្តបាត់ដំបងយើងនេះ នឹងមានរយ:៥ថ្ងៃ ចាប់ផ្តើមបើកចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បើកកម្មវិធីជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាតំបន់នីមួយៗ ដែលរៀបចំជូនពលរដ្ឋយើងបានមកលេងកម្សាន្ត ដោយសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំខាលឈានចូលឆ្នាំថោះ ពស ២៥៦៦-២៥៦៧ ខាងមុខនេះ។
លោកបន្ថែមថា «កម្មវិធីនេះ យើងនឹងរៀបចំទៅដោយរលូន ដោយសារយើងមានបទពិសោធន៍២លើកមកហើយ ក្នុងសម័យកូវីដ១៩នោះ ហើយពាក់ព័ន្ធទៅនឹងលក្ខណ:ពិសេសឆ្នាំនេះយើងមានការចូលរួមច្រើន យ៉ាងសកម្មរបស់ ក្រុមយុវជននៅក្នុងបរិវេណក្រោយលោកតាដំបងក្រញូងខេត្តបាត់ដំបង ហើយក៏មានតាំងពិព័ណ៌ផ្សេងៗ ឆាកកម្សាន្តលេងជាច្រើន ដូចជាឆាកតំបន់ត្រជាក់ចិត្តហើយនឹងតំបន់តន្រ្តីសម័យ ព្រមទាំងជាមួយតន្រ្តីស្រុកស្រែ ខុសពីឆ្នាំមុនដោយមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ»។
លោក ស រដ្ឋា ក៏បានឲ្យដឹងថា តំបន់ត្រជាក់ចិត្តមានការចូលរួមជាច្រើន ដោយសារឆ្នាំពីមុនៗមកគាត់ចូលរួមតាំងពីម៉ោង១២៖៣០ ដែលកម្មវិធីយើងចាប់ផ្តើមលេងកម្សាន្តចាប់ពីម៉ោង០២៖០០រសៀលទៅ។ ចំណុចសំខាន់ៗ នៅទីនេះបានរៀបចំភូមិម្ហូបខ្មែរ ភូមិខ្មែរបញ្ជាក់ពីអត្តសញ្ញាណខ្មែរចាប់ផ្តើមពីខេត្តបាត់ដំបងតែម្តង ដោយពួកគាត់មកពីបណ្តាគ្រប់ស្រុកក្នុងខេត្តនិងដើម្បីរៀបចំសម្អាតបរិវេណសង្រ្កានរបស់យើង។
លោក ស រដ្ឋា បានបន្ថែមទៀតថា ចំពោះគ្រឿងស្រវឹងនេះ ជាពិសេសដោយមានការគាំទ្រពីអភិបាលខេត្តបាត់ដំបងនិងកងកម្លាំងទាំងបី យើងមិនអនុញ្ញាតឲ្យយុវជន ហូបគ្រឿងស្រវឹងនៅក្នុងបរិវេណនេះទេ ជាក់ស្តែងចំពោះគ្រឿងស្រវឹងនេះសូមពិសារដោយមានការទទួលខុសត្រូវនៅខាងក្រៅ បរិវេណរៀបចំកម្មវិធី ជៀសវាងមានការបង្កបញ្ហាអសន្តិសុខនៅក្នុងបរិវេណយើងនេះ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកស្រុកកំណើតនៅបាត់ដំបងទាំងឆ្លងកាត់សូមចូលមកលេងសង្រ្កានបាត់ដំបង នៅថ្ងៃដែលបានគ្រោងទុក ដើម្បីអបអរសាទរបុណ្យឆ្នាំថ្មីមកកាន់តែច្រើនចូលរួមសប្បាយរីករាយទាំងអស់គ្នា៕