លោក នឹម ផល្លី ប្រធានស្នាក់ការគយច្រកទន្លេចាម ល្បីឈ្មោះកាន់តែខ្លាំងរឿងឃុបឃិតឲ្យឈ្មួញនាំឈើប្រណីតទៅលក់នៅស្រុកយួន!
រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះករណីលោក នឹម ផល្លី ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃុបឃិតបើកដៃឲ្យឈ្មួញនាំចេញឈើប្រណីតតាមច្រករបៀងតាដោក និងក្រវៀន ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឃើញលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ចាត់វិធានការទៅលើមន្ត្រីពុករលួយដូចជាលោក នឹម ផល្លី នៅឡើយទេ។ហេតុនេះហើយទើបមជ្ឈដ្ឋាននានារិះគន់ថា វិធានការកែទម្រង់ស៊ីជម្រៅរបស់ស្ថាប័នគយ គឺជារឿងឥតន័យព្រោះមន្ត្រីគយនៅច្រកព្រំដែន បន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តដដែល។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមួយចំនួននៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះលោក នឹម ផល្លី ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទន្លេចាម បានឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនយ៉ាងពេញបន្ទុក។ ក្នុងមួយយប់ៗយ៉ាងហោច ណាស់មានរថយន្តយីឌុប២ទៅ៣គ្រឿងដឹកឈើប្រណីតចេញទៅស្រុកយួនតាមច្រករបៀងតាដោក ច្រករបៀងក្រវៀន ហើយលោក នឹម ផល្លី រង់ចាំទទួលផលប្រយោជន៍យ៉ាងសុខស្រួលពីសំណាក់ក្រុមឈ្មួញម្ចាស់ឈើ។ ទន្ទឹមនឹងនេះការដែលឈ្មួញអាចដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន គឺមានការឃុបឃិតជាមួយលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយផងដែរ។
ភ្នាក់ងារគយតូចតាចនៅច្រកទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តាមរយៈការឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទៅស្រុកយួនតាមច្រកព្រំដែន និងច្រករបៀងដែលខ្លួនគ្រប់គ្រង គឺលោក នឹម ផល្លី ប្រមូលលុយបានយ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ថ្មីៗនេះលោក នឹម ផល្លី ទិញវីឡាស្កឹមស្កៃមួយនៅតំបន់បឹងស្នោ ខណ្ឌច្បារអំពៅ មានតម្លៃរហូតដល់ទៅ៧០ម៉ឺនដុល្លារ ហើយលុយនោះត្រូវបានគេដឹងថាទទួលពីក្រុមឈ្មួញដឹកឈើ។ បញ្ហានេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនគួរមើលរំលងនោះទេ ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ផងដែរ៕