លោក យី ថុល មេគយព្រែកចាកក្លាយជាចោរឆក់ទូរស័ព្ទអ្នកកាសែតខណៈកំពុងថតសកម្មភាពល្មើសច្បាប់នៅច្រកព្រំដែន ដោយឃើញឈ្មួញនាំទំនិញចូលមកមានភាពមិនប្រក្រតីឃុបឃិតជាមួយមន្ត្រីគយពុករលួយបាត់បង់ចំណូលរដ្ឋ !
ខេត្តកំពត៖ មុននេះបន្តិតមានករណីមេគយចាកគឺលោក យី ថុល បានឆក់យកទូរស័ព្ទដៃរបស់អ្នកកាសែតជាច្រើនទៀត ដែលកំពុងផ្តិតយករូបភាពលើសកម្មភាពនៃការនាំទំនិញគ្រប់ប្រភេទចូលតាមច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដោយបានសង្កេតឃើញមានភាពមិនប្រក្រតីរបស់មន្ត្រីគយ នឹងមេឃ្មួញទុច្ចរិតក្នុងការនាំទំនិញចូលមកពីប្រទេសវៀតណាមចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិព្រែកចាកនេះ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវដែលគេសង្ស័យថា ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ទំនិញខុសច្បាប់ និងទំនិញមានសារធាតុគីមីជាដើម ។ពេលនេះលោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករព្រែកចាក ត្រូវបានប្រជាពលរដ្ឋ និងក្រុមអ្នក កាសែតចោទប្រកាន់ថាបានឆក់យកទូរស័ព្ទដៃមួយគ្រឿងពេលកំពុងថតយករូបភាពនៅច្រកព្រំដែន ដោយគ្មានសួរមួយម៉ាត់ ហើយឆក់យកទៅបាត់ និងបំផ្លាញចោលក្នុងគោលបំណងបំបិទភ័ស្តុតាង ហើយថែមទាំងស្រែកសំឡុតគំរាមកំហែងអ្នកកាសែតយ៉ាងក្រអឺតក្រទមនៅចំពោះមុខមហាជនជាសាធារណៈដោយប្រើសម្តីស្មើនឹង ពួកបាតផ្សារជនសង្គមងងឹត មិនសមថ្នាក់ដឹកនាំទាល់តែសោះ ។តាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក យី ថុល មេគយច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ដែលទើបឡើងកាន់តំណែតកាលពីពេលថ្មីៗនេះ បានឃុបឃិតបើកដៃឱ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ព្រមទាំង ប្រើអំណាចគាបសង្កត់យកលុយពីក្រុមអាជីវករតូចតាចដែលរកស៊ីនាំចូលទំនិញកំប៉ិកកំប៉ុកពីវៀតណាមទៀត ផង ហើយមិនតែប៉ុណ្ណោះលោក យី ថុល ថែមទាំងបញ្ជាឱ្យលោក រស់ សាត អនុប្រធានស្នាក់ការព្រមទាំងបក្ខពួក២នាក់ទៀត ធ្វើជាលេសពិនិត្យមើលឡើងវិញ នូវរាល់នាំចេញទំនិញគ្រប់ប្រភេទពីពួកឈ្មួញធំៗសម្រាប់ ប្រមូលលុយដាក់ថ្ងៃ ដាក់ខែថែមទៀតផង ។ប្រភពពីសមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រែកចាក បានឱ្យដឹងថា បច្ចុប្បន្នឈ្មួយធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសប្រភពខុសច្បាប់ តាមច្រកទ្វារអន្តរជាតិព្រែកចាក គឺបង់ពន្ធត្រឹមតែ ៣០ភាគរយ ទៅ ៤០ភាគរយ ប៉ុណ្ណោះ ក្រៅពីនេះគឺលោក យី ថុល ឃុបឃិតបែងចែកផលប្រយោជន៍លើតុ ក្រោមតុ ជាមួយឈ្មួញ និងបក្ខពួកយ៉ាងសុខស្រួល ព្រោះលោក យី ថុល ធ្លាប់មានជំនាញខាងប្រព្រឹត្តិអំពើពុករលួយកាល ពីគាត់កាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វេរភាគី៤០០ នៅក្នុងស្រុកសំឡុត ខេត្តបាត់ដំបង មកម្លេះហើយ ឥឡូវនេះលោក យី ថុល កំពុងយកមកអនុវត្តន៍ក្នុងយុទ្ធសាស្ត្រគ្រុឌជាន់គ្រុឌនៅច្រកទ្វារអន្តរជាតិ ព្រែកចាក ស្រុកំពង់ត្រាច ខេត្តកំពត ជាបន្តទៀត។ ប្រភពបានបន្តថា ក្រោយពេលឡើងកាន់តំណែងជាមេគយច្រកព្រែកចាកភ្លាមលោក យី ថុល បានបញ្ជាឱ្យលោក រស់ សាត ដែលជាអនុប្រធានស្នាក់ការព្រមទាំងបក្ខពួក២នាក់ទៀត ដើរពិនិត្យមើលឡើងវិញចំពោះការ នាំចេញទំនិញគ្រប់ប្រភេទនៅច្រកទ្វារអន្តរជាតិព្រែកចាក បន្ទាប់ពីទទួលបញ្ជានេះ លោក រស់ សាត និងបក្ខពួក បានរឹតបន្តឹងគាបយកលុយពីក្រុមឈ្មួញនាំចូលនាំចេញទំនិញតាមច្រកព្រែកចាកយ៉ាងកំរោលតែម្តង ហើយលោក យី ថុល បានឃុបឃិតឱ្យឈ្មួញធំៗបង់លុយដាក់ខែជាប្រចាំដើម្បីឱ្យបាននៅបន្តនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូនជាថ្នូរនឹងបផលប្រយោជន៍ផ្ទាល់ខ្លួន ។
សូមបញ្ជាក់ថា លោក យី ថុល កំពុងប្រើអំណាចនឹងតួនាទីខ្លួនធ្វើជាដើមទុនដើម្បីប្រមូលលុយ តាមរបៀបពុករលួយដោយគ្មានញញើតអ្វីទំាងអស់ មិនតែប៉ុណ្ណោះលោក យី ថុល បានចាត់តាំងមន្ត្រីក្រោមឱ្យវាទរបស់ខ្លួនឱ្យគាបជម្រិតយកលុយពីក្រុមឈ្មួញនាំចូល នាំចេញទំនិញតាមច្រកព្រែកចាកយ៉ាងគឃ្លើន ហើយថែមទាំងគាបសង្កត់ជាន់កប្រជាពលរដ្ឋ អាជីវរកតូចតាចយកលុយគ្មានត្រាប្រណី សូម្បីតែពួកគាត់រកស៊ីលក់ដូរទំនិញ បន្តិចបន្ទួចស្ទើររកលុយបង់ឱ្យសមត្ថកិច្ច និងគយមិនគ្រាន់ផង ពួកគាត់ត្អូញត្អែរថាសព្វថ្ងៃនេះរកស៊ីចិញ្ចឹមតែគយ ប៉ុណ្ណោះ ។
ប្រភពបានឱ្យដឹងថាសព្វថ្ងៃនេះលោក លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក កំពុងប្រើអំណាចគាបសង្កត់យកលុយពីអាជីវករតូចតាច និងឈ្មួញធំៗតាមរបៀបពុករលួយយ៉ាងគគ្លើនគ្មានញញឹតកោតខ្លាចចំពោះមហាជនរិះគន់ឬថ្នាក់ដឹកនាំដកតំណែងគ្រវាត់ចោលនោះឡើយ ព្រោះ លោក យី ថុល កំពុងងុបងុលនឹងការប្រព្រឹត្តអំពើពុករលួយដោយបានឃុបឃិតឱ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ប្រចាំខែយកមកបែងចែកបក្ខពួកខ្លួនធ្វើមានបានតែប៉ុណ្ណោះ ។
ប្រភពបញ្ជាក់ឱ្យដឹងទៀតថា ថ្មីៗនេះករណីនាំសាធាតុគីមីហាមឃាត់ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម ចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម ច្រកព្រែកចាក ខេត្តកំពត ដែលមន្ត្រីកាំកុងត្រូលពិនិត្យឃើញថា បង្គាជាច្រើនតោនមានដាក់លាយសារធាតុគីមី ដោយមានសណ្ឋាន ដូចចាហ៊ួយ ត្រូវម្ចាស់ទំនិញបានដាក់លាយនៅក្នុងបង្គាស្រស់ទាំងនោះ ។ មន្ត្រីជំនាញ ក៏បានតម្រូវឱ្យម្ចាស់រថយន្តដឹកបង្គា និងជាតំណាងឱ្យម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់នាំចូលបង្គា ដែលមានសារធាតុគីមីទាំងនោះ នៅថ្ងៃខាងមុខទៅទៀត ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋ និងអាជីវករបានសំណូមពរដល់លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស លោក ឱម យ៉ុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរពិនិត្យឡើងវិញ ជាបន្ទាន់ចំពោះភាពមិនប្រក្រតីនៅអង្គភាពគយច្រកទ្វារអន្តរជាតិព្រែកចាក ហើយចាត់វិធានការទប់ស្កាត់អំពើពុករលួយ ច្រើនបែបច្រើនយ៉ាងរបស់លោក យី ថុល ព្រមទាំងបក្ខពួកមួយចំនួនទៀត ព្រោះលោក យី ថុល គ្រាន់តែតឡើង កាន់តំណែងមិនទាន់បានអង្គុយកៅអីក្តៅគូថស្រួលបួលផង បែរជាលោក យី ថុល និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តិ អំពើពុករលួយតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ហើយពេលនេះ កំពុងធ្វើសង្រ្គាមស៊ីសាច់ហុតឈាមជាមួយអ្នកកាសែតចំពេលដែលប្រមុខរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញឱ្យសារព័ត៌មានទាំងអស់ត្រូវតែធ្វើការចុះផ្សាយនូវព័ត៌មានពិត ដើម្បីរួមចំនែកនឹងរាជរដ្ឋាភិបាល ។
ចំណែកករណីលោក យី ថុល បានឆក់យកទូរស័ព្ទដៃរបស់អ្នកកាសែតនៅពេលនេះ អង្គភាពគេហទំព័រ MSKnews ពុំអាចធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធខាងលើបានទេនៅពេលនេះ យើងនឹងរងចំាទទួលព័ត៌មានថ្មីៗបន្ថែមទៀតរាល់ម៉ោងធ្វើការ ។