លោកមុឹក សុផាន់ណារ៉េត ហៅជ័យចាប់ផ្តេីមអាជីវកម្មឈើតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ឡេីងវិញហេីយ
គំនរឈើដែលដឹកពីប្រទេសកម្ពុជា ទៅស្តុកទុកនៅខេត្តយ៉ាឡាយ (Gai Lai) ប្រទេសវៀតណាម+
លោកមុឹក សុផាន់ណារ៉េត ហៅជ័យចាប់ផ្តេីមអាជីវកម្មឈើនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងខេត្តស្ទឹងត្រែងឡេីងវិញហេីយនាពេលនេះ បន្ទាប់រដ្ឋាភិបាលថ្មី របស់លោក នាយករដ្ឋមន្ត្រីត្រូវបានបង្កេីតឡេីងនាពេលថ្មីៗនេះ។
យោងតាមប្រភពពីខេត្តស្ទឹងត្រែងឲ្យដឹងថាលោកឧកញ៉ាលឹម ប៊ុណ្ណាកំពុងសហការជាមួយលោក ឧត្តមសេនីយ៍ យោធាមួយរូបឈ្មោះ មុឹក សុផាន់ណារ៉េត ហៅជ័យ និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) របស់ឧកញ៉ាគិត ម៉េងដែលប្រព្រឹត្តបទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែងដោយ ឈ្មោះ សេង និងប្រពន្ធ ជាមេការក្រុមហ៊ុន [Royal Group]របស់អ្នកឧកញ៉ា គិត ម៉េង និងលោក សាន ចយជាមេការរបស់លោកឧកញ៉ា លឹម ប៊ុណ្ណាដែលមានភរិយាឈ្មោះថុង ធីតាគឺ និងមេការ របស់ឧត្តមសេនីយ មុឹក សុផាន់ណារ៉េត ឈ្មោះ ឃុយជាអ្នកដែលបាននិងកំពុងតែកៀរគរពលរដ្ឋឲ្យចូលកាប់ឈើក្នុងព្រៃសហគមន៍ហើយដឹកជញ្ជូនចូលទៅក្នុងតំបន់បាតអាង ដើម្បីប្រែក្លាយឈើទាំងនោះឲ្យទៅជាឈើស្របច្បាប់។
ជនជាតិដើមភាគតិចរស់នៅឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង និងកម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ អំពាវនាវឲ្យរដ្ឋាភិបាល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន លប់បំបាត់អាជីវកម្មឈើទ្រង់ទ្រាយធំ នៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ខណៈដែលក្រុមហ៊ុនរ៉ូយ៉ាល់ក្រុប (Royal Group) របស់ឧកញ៉ា គិត ម៉េង សហការជាមួយលោកឧត្តមសេនីយ៏ មុឺក សុផាន់ណារ៉េត ហៅជ័យ និងមេការរបស់ខ្លួនឈ្មោះ ឃុយ នៅតែបន្តអារច្រៀកឈើមូលធំៗ និងដឹកជញ្ជូនឈើចេញក្រៅប្រទេស បើទោះបីមានលិខិតបញ្ឈប់អាជីវកម្មយ៉ាងណាក្តី។
កម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនី សេសានក្រោមពីរ ឲ្យដឹងនៅថ្ងៃទី១៣ កញ្ញាថា ឃ្លាំងស្តុកឈើ រាប់ពាន់ម៉ែត្រគូបនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលក្រុមហ៊ុនបានដឹកមកស្តុកទុកក្នុងដេប៉ូអារច្រៀកឈើពីរទីតាំងផ្សេងគ្នានៅតំបន់នោះ ត្រូវគេប្រទះឃើញមានការដឹកជញ្ជូនចេញក្រៅខ្លះៗ នៅពេលយប់ និងមានការបន្ថែមកម្លាំងមន្ត្រីអាវុធហត្ថយាមយ៉ាងប្រយ័ត្នបំផុត។
កម្មករធ្វើការក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុនបាតអាងបានដឹកជញ្ជូនឈើចេញក្រៅ តាមរថយន្តប៉ាកុង ចាប់ពី ៥រថយន្ត ទៅ ៧រថយន្ត និងបន្ថែមកម្លាំងមន្ត្រីអាវុធហត្ថយាមការពារយ៉ាងតឹងរ៉ឹង។ លោកបញ្ជាក់ថា ឈើរាប់ពាន់ម៉ែត្រគូប ដែលគេដឹកមកស្តុកទុកក្នុងឃ្លាំងឋិតនៅខាងជើងទន្លេ និងខាង ត្បូងទន្លេ កំពុងត្រូវបានក្រុមហ៊ុនដឹកជញ្ជូនចេញក្រៅជាបណ្តើរៗនៅពេលយប់។
លោកបន្តថា៖ «ដឹកតាមរថយន្តប៉ាកុង ចាប់ពីម៉ោង ១០ ទៅម៉ោង ១១ យប់។ ឈើដែលខ្ញុំប៉ានប្រមាណ នៅបាតអាង មិនក្រោមពី ៣ ទៅ ៤ ពាន់ម៉ែត្រគូបទេ»។
បុរសដដែលបន្ថែមថា ពលរដ្ឋបារម្ភពីការបាត់បង់ធនធានធម្មជាតិ និងចង់ឲ្យរបប លោក ហ៊ុន សែន ចុះបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះអោយមានប្រសិទ្ធភាព ដោយកុំធ្វើអោយតែល្អមើលមួយឆាវៗ។ លោកអំពាវនាវឲ្យរបបក្រុងភ្នំពេញអាណត្តិទី៦ នេះ ត្រូវបញ្ឈប់អាជីវកម្មឈើទ្រង់ទ្រាយធំនេះ ដើម្បីកាត់បន្ថយការរិះគន់ និងស្តារព្រៃឈើឡើងវិញ ខណៈដែលក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានបិទទ្វារទឹកជាស្ថាពរតាំងពីចុងឆ្នាំ២០១៧។ លោកថា រយៈពេល ៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានប្រើលេសសំអាតបាតអាង ដើម្បីដឹកជញ្ជូនឈើពីខាងក្រៅបន្លំជាឈើស្របច្បាប់។
លោកបញ្ជាក់ទៀតថា៖ «រដ្ឋាភិបាលអាណត្តិថ្មីគួរបញ្ឈប់ទៅឈើបាតអាង។ ល្មមបញ្ចប់សកម្មភាពដឹកជញ្ជូនឈើពីខាងក្រៅមកដោយសំអាងហេតុផលបាតអាង ល្មមហើយ ៥ ទៅ ៦ ឆ្នាំហើយ»។
ជនជាតិដើមភាគតិចរស់នៅឃុំស្ដៅ ស្រុកសេសាន ថ្លែងសុំលាក់ឈ្មោះ រំឭកថា ក្រុមហ៊ុនបាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានបញ្ជូនកម្មករច្រើននាក់ អាររំលំឈើមូលធំៗ នៅក្បែរលំនៅឋានសហគមន៍ ដោយដឹកជញ្ជូនឈើតាមរថយន្តប៉ាកុងចូលក្នុងបាតអាង ធ្វើឲ្យព្រៃឈើដែលជាជម្រកអនុផលរបស់ជនជាតិដើមភាគតិច បានបាត់បង់ទាំងស្រុង ហើយបច្ចុប្បន្ននៅសេសសល់តែឈើមិនទាន់គ្រប់អាយុ និងគ្មានតម្លៃលើទីផ្សារ។ លោកបន្តថា៖ «បច្ចុប្បន្នគេឈប់កាប់ឈើ តែអស់ឈើហើយបានវាឈប់។ ឈើពីមុនតំបន់ក្បែរហ្នឹងច្រើន សុក្រំ ស្រឡៅ និងឈ្លីក តែឥឡូវអស់គ្មានសល់ទេ»។
សារព័ត៌មានជាតិខ្មែរមិនអាចរកប្រភពទាក់ទង តំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដើម្បីសុំការបំភ្លឺ បញ្ហានេះបានទេនៅថ្ងៃទី១៣ កញ្ញានេះ។ រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ក៏មិនបានទាក់ទងបានដែរ ដោយលោកមិនទទួលទូរស័ព្ទ។ ចំណែកលោកឧត្រមសេនីយ៍ មុឹក សុផាន់ណារ៉េត និងមេការរបស់ខ្លួនឈ្មោះ ឃុយបដិសេធនូវ ព័ត៌មានដឹកជញ្ជូនឈេីនេះ។
កាលពីថ្ងៃចុងខែកុម្ភៈ ឆ្នាំ ២០១៨ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ុយ អ៊ុយ បានសម្រេចផ្អាកជាបណ្ដោះអាសន្នការដឹកជញ្ជូនឈើ ក្នុងតំបន់បាតអាងអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងផ្អាកការឈូសឆាយសំអាតទីតាំងគម្រោងវិនិយោគសម្បទានសេដ្ឋកិច្ច រហូតដល់បោះឆ្នោតជាសកលរួច។ ក៏ប៉ុន្តែប្រជាពលរដ្ឋអះអាងថាក្រុមហ៊ុននេះ នៅតែលួយដឹក ឈេីចេញទៅវៀតណាមជារៀងរាល់យប់ទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា សម្ដែងការសោកស្តាយ ពីវិនាសកម្មព្រៃឈើនៅតំបន់នោះ ដែលកម្ពុជាមានច្បាប់ស្ដីពីព្រៃឈើ និងមានមន្ត្រីជំនាញពាក់ព័ន្ធជាច្រើន ដែលមានភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើ អនុលោមតាមច្បាប់កំណត់ ក៏ប៉ុន្តែធាតុពិត ការលប់បំបាត់បទល្មើសព្រៃឈើ គឺគ្មានប្រសិទ្ធភាព បង្កឲ្យក្រុមជនខិលខូច និង អ្នកមានឥទ្ធិពល នៅតែមានឱកាសបំផ្លាញព្រៃឈើខុសច្បាប់ដដែលៗ។ លោកបន្តថា៖ «បើថ្នាក់ ដឹកនាំនៅបន្តមិនយកចិត្តទុកដាក់ បណ្ដោយឲ្យក្រុមទាំងអស់នោះ នៅតែបំផ្លាញធ្វើឲ្យធនធាន ធម្មជាតិហិនហោចទៅ និងប្រព័ន្ធច្បាប់កាន់តែធូររលុង គ្មានឥទ្ធិពលអីទៅចាត់វិធានការច្បាប់លើជនដែលបំផ្លាញធនធានធម្មជាតិទាំងអស់ហ្នឹងទេ»។
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដី ៣៦.០០០ ហិកតារ ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ ( Ang & Associates Lawyer Co ., Ltd ) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។ ក៏ប៉ុន្តែពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលរកឃើញថា ក្រុមហ៊ុនបានដឹកឈើពីខាងក្រៅចូលផ្ទៃអាង ជាលេសថា សំអាតបាតអាង និងដើម្បីបម្លែងជាឈើស្របច្បាប់ កើតមានច្រើនឆ្នាំណាស់មកហើយ ដោយឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង រហូតដល់ថ្នាក់ជាតិ។ សកម្មជនបរិស្ថានរកឃើញថា ក្រុមហ៊ុននេះបានដឹកឈើមូលធំៗចេញពីតំបន់ឧទ្យានជាតិវីរៈជ័យ នៅស្រុកសៀមប៉ាង ជាប់ព្រំដែនឡាវ ចូលបាតអាង ដើម្បីបម្លែងជាឈើស្របច្បាប់ រួចដឹកទៅលក់នៅក្រៅប្រទេស មានប្រទេសវៀតណាមនិងចិនជាដេីម៕
លោកសាន ចយ មេការព្រៃឈេី របស់លោកឧកញ៉ា លឹម ប៊ុណ្ណា។