ឧកញ៉ា ជ័យ បន្តសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនដោយរលូន
ខេត្តក្រចេះ ៖ សមត្ថកិច្ចតូចតាច និងមន្ត្រីអាជ្ញាធរក្នុងស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថា ក្នុងចំណោមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនត្រពាំងស្រែ-វ៉ាលឺ ស្រុកស្នួល ខេត្តក្រចេះ គឺមានមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ាជ័យ បានកាប់ឈើ និងដឹកជញ្ជូនឈើចេញពីស្រុកសេសាន ខេត្តស្ទឹងត្រែង ចូលខេត្តក្រចេះ ដោយប្រើប្រាស់រថយន្តយីឌុបធំៗហើយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។ ឈ្មួញតូចតាចខ្លះបានបង្ហើបឲ្យដឹងថា មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ មានខ្នងបង្អែករឹងមាំទើបមន្ត្រីជំនាញ និងសមត្ថកិច្ចតាមដងផ្លូវមិនហ៊ានប៉ះពាល់ ហើយរក្សាភាពស្ងៀមស្ងាត់ដើម្បីទទួលផលប្រយោជន៍តិចតួច។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើបានឲ្យដឹងថា កន្លងមកក្រោមយីហោក្រុមហ៊ុន ហួត ម៉េងរីតា គឺមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ បានកាប់ឈើ និងដឹកជញ្ជូនឈើជិត២០ឆ្នាំចេញពីស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ធ្វើឲ្យព្រៃឈើក្នុងស្រុកទាំង២នេះ ត្រូវប្រឈមនឹងសេចក្ដីវិនាស។ បច្ចុប្បន្នមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ កាប់ឈើ និងដឹកជញ្ជូនឈើចេញពីស្រុកសេសាន ខេត្តស្ទឹងត្រែង យ៉ាងពេញបន្ទុក ហើយមានការឃុបឃិតពីមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកសេសាន បានឲ្យដឹងថា បច្ចុប្បន្នតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសេសសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតទេ ហើយឈើដែលមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ដឹកជញ្ជូនទៅស្រុកយួនគឺជាឈើដែលកាប់ចេញពីព្រៃការពារ និងព្រៃអភិរក្សនៅក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២។ ប្រភពពីសមត្ថកិច្ចតូចតាចក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថាមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ កំពុងបំពានកាប់ឈើនៅក្រៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយដឹកចូលបរិវេណទំនប់វារីអគ្គិសនីដើម្បីឲ្យក្លាយជាឈើស្របច្បាប់ រួចដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងរលូន។
មួយរយៈកន្លងទៅនេះមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ ប្រើប្រាស់រថយន្តយីឌុបធំៗដឹកឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ស្រុកស្នួល យ៉ាងគគ្រឹកគគ្រេងរហូតដល់មានករណីរថយន្តយីឌុប១គ្រឿងត្រូវក្រឡាប់នៅលើផ្លូវលេខ៧៤ ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ទៀតផង។ មន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋទូទៅរិះគន់ថា ហ៊ានបង្ក្រាបតែប្រជាពលរដ្ឋដឹកឧស និងដឹកជន្លង់ម្រេចប៉ុណ្ណោះ ចំណែកមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យ មិនឃើញមានសមត្ថកិច្ចចម្រុះណាហ៊ានចាត់វិធានការបង្ក្រាបឡើយ៕