លិខិតមិត្តអ្នកអាន៖ ព្រះអាទិត្យនឹងអស្តង្គត សំឡេងភ្លេងខ្លងខែកនឹងបន្លឺឡើងដើម្បីជូនដំណើរចុងក្រោយ
ដោយ៖ ktk168
(ភ្នំពេញ)៖ ថ្ងៃដែលរង់ចាំបានមកដល់ហើយ! តុលាការកំពូលដែលមានចៅក្រម ៩រូប នឹងបើកសវនាការនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះដើម្បីជម្រះក្តីលើបណ្តឹងរបស់ ក្រសួងមហាផ្ទៃស្នើសុំរំលាយគណបក្សសង្គ្រោះជាតិពីបទរំលោភបំពានមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងបានស្នើសុំឱ្យដកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំពីថ្នាក់ដឹកនាំជាសមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក រួមនឹងទីប្រឹក្សាបក្សនេះចំនួន ១១៨ នាក់។
ដោយសារតែគណបក្សសង្គ្រោះជាតិបានលះបង់សិទ្ធិក្នុងការការពារខ្លួននៅចំពោះមុខតុលាការដែល ទំនងគឺ ដោយសារតែដឹងខ្លួនថាមិនអាចដោះបន្ទុកបាន ព្រោះបក្សនេះពិតជាបានឃុបឃិតជាមួយបរទេសក្បត់ជាតិ កម្ពុជា គណបក្សសង្គ្រោះជាតិត្រូវបានគេមើលឃើញថា នឹងមិនអាចជៀសរួចពីការសម្រេចរបស់តុលាការកំពូល រំលាយចោលនោះទេ ព្រោះភស្តុតាងជាច្រើនត្រូវបានដាក់ និងមានភាពរឹងមាំលើសពីវិមតិសង្ស័យ។ នៅថ្ងៃនេះគណបក្សសង្គ្រោះជាតិបានក្លាយជាអ្នកជំងឺដែលអស់សង្ឃឹម នឹងរស់ហើយរីឯសាច់ញាតិបានត្រៀមរៀបចំពិធីសាសនា ដើម្បីធ្វើបុណ្យឧទ្ទិសកុសលឱ្យបក្សនិងថ្នាក់ដឹកនាំបក្សនេះរួចហើយព្រោះជាថ្ងៃអង្សាររបស់ខ្លួន។ រោងបុណ្យក៏ត្រូវរៀបចំហើយភ្លេងខ្លងខែកក៏បានត្រៀមអស់រួចស្រេចទៅហើយ រង់ចាំតែចាក់បំពងតែប៉ុណ្ណោះ។ ព្រះអាទិត្យដែល កើតចេញពីភ្លើងទៀន និងព្រះច័ន្ទនឹងចូលអស្តង្គតជារៀងរហូត និងបាត់រូបរាងពីដែនដីកម្ពុជា។
តើសាច់ញាតិនិងអ្នកគាំទ្របក្សសង្គ្រោះជាតិនេះបានត្រៀមខ្លួនទទួលយកហើយឬនៅ? ទំនងពិតជាបាន ត្រៀមខ្លួនរួចហើយទោះជាមិនជឿខ្លួនឯងក៏ដោយព្រោះគេបាន ដឹងអំពីរោគវិនិច្ឆ័យច្បាស់លាស់គឺមហារីកក្បត់ជាតិ ក្បត់ប្រជាជនដែលមិនមានថ្នាំព្យាបាល ហើយអ្នកជំងឺក៏មិនបានស្វែងរកថ្នាំដើម្បីពន្យារជីវិតដែរ និងមិនបានការពារខ្លួនឡើយ ទន្ទឹមនេះ មេរោគនយោបាយឱកាសនិយមខ្លះដូចជាទណ្ឌិត សម រង្ស៊ី ដែលត្រូវបានហាមឃាត់ ដោយច្បាប់មិនឱ្យពាក់ព័ន្ធនឹងបក្សនយោបាយបានវាយលុក អ្នកជំងឺនេះកាន់តែខ្លាំងនាដង្ហើមចុងក្រោយដោយមិនស្តាយ ស្រណោះឡើយ និងបន់ឱ្យតែត្រូវបានរំលាយ ឆាប់ព្រោះបើខ្លួនមិនបានប្រយោជន៍ នរណាផ្សេង ទៀតក៏មិនអាចយកបានដែរ។ នៅពេលនេះបក្សសង្គ្រោះជាតិរស់បានដោយសារតែខ្យល់អុកស៊ីសែនដកដង្ហើមប៉ុណ្ណោះ។
តើត្រូវបន្ទោសនរណា? ទណ្ឌិតសម រង្ស៊ី ឬកឹម សុខា? សម រង្ស៊ី សុខចិត្តលះបង់តំណែងជាប្រធាន និងសមាជិកភាព បក្សដើម្បីជួយសង្គ្រោះបក្សកុំឱ្យរំលាយ ហើយកឹម សុខា ឡើងមកជំនួសកាន់តំណែងប្រធានបក្សក៏បានជ្រុលមាត់ ជ្រុលកនិយាយពីផែនការសម្ងាត់ឃុបឃិតនឹងបរទេសក្បត់ជាតិខ្លួនដែលនាំឱ្យមានភស្តុតាងដាក់បន្ទុកលើគណបក្ស សង្គ្រោះជាតិ និងកឹម សុខា ផ្ទាល់ពីបទក្បត់ជាតិ។ ប៉ុន្តែចុះឡើងៗ សម រង្ស៊ី ដែលភ័យស្លន់ស្លោនឹងការរំលាយបក្ស បានលោតចូលទាំងទទឹងទិស ដែលមិនត្រឹមតែមិនអាចជួយស្រោចស្រង់បក្សនេះបានទេ ថែមទាំងកាន់តែរុញបក្ស នេះឱ្យឈានដល់ការរលាយកាន់តែឆាប់។ នេះគឺជាលទ្ធផលនៃការផ្លាស់ប្តូរយ៉ាងតក់ក្រហល់ និងចង់បានអំណាច ឆាប់តាមមហិច្ឆតារបស់ខ្លួន ក្បត់ឆន្ទៈរាស្ត្រ បំផ្លាញគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។ បក្សនេះមិនអាច តវ៉ាជាមួយព្រហ្មលិខិត មិនអាចបដិសេធនឹងបញ្ជាយមរាជ ហើយក៏មិនសុំអង្វរទេវតាបានដែរព្រោះកំហុសក្បត់ជាតិ ជាទោសដែលមិនអាចអត់ឱន ឱ្យបានឡើយ។
ហេតុអ្វីបានជាមានភាពចាំបាច់ក្នុងការរំលាយគណបក្សសង្គ្រោះជាតិចោល? មានមូលហតុ ៤ សំខាន់ដែល ចាំបាច់ត្រូវរំលាយគណបក្សសង្គ្រោះជាតិ៖
ទី១៖ កម្ពុជាចាំបាច់ត្រូវថែរក្សា ការពារសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដែលខ្លួនរកបានដោយពិបាកនេះដើម្បីបន្តការអភិវឌ្ឍ ទាក់ទាញវិនិ យោគិនមកបណ្តាក់ទុននៅកម្ពុជា បន្តស្វែងរកដៃគូបន្ថែមដើម្បីទិញទំនិញពីកម្ពុជា បង្កើតការងារជូនប្រជាជន និងបង្កើនប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
ទី២៖ ដើម្បីទប់ស្កាត់បក្ស នយោបាយ និងក្រុមអ្នកនយោបាយដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស ព្រោះថាកម្ពុជាមិនត្រូវការ បក្សដែលមិនបម្រើជាតិខ្មែរឡើយ។ កម្ពុជាបានហែលឆ្លងកាត់នូវសង្គ្រាមសោកសៅដោយសារតែមានការជ្រៀត ជ្រែក លូកដៃចាត់ចែងវាសនាជំនួសខ្មែរកាលពីអតីត បានទាញប្រទេសកម្ពុជាចូលក្នុងភ្នក់ភ្លើង សង្គ្រាមបំផ្លិច បំផ្លាញ សោកនាដកម្មដ៏សាហាវឃោរឃៅ អំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហម ពលរដ្ឋរស់ក្នុងឈាមនិង ទឹកភ្នែកជិតបីទសវត្សរ៍។ កម្ពុជាពិតជាមិនចង់ឱ្យប្រវត្តិសាស្ត្រចាស់វិលមកបំផ្លាញខ្មែរទៀតឡើយ។ វាពិតជាមានភាពចាំបាច់ក្នុងការលុបបំបាត់បក្ស និងក្រុមអ្នកនយោបាយដែលសាងគ្រោះឱ្យជាតិ។
ទី៣៖ ដើម្បីការពារឯករាជភាព និងបូរណភាពដែនដីកម្ពុជា ប្រឆាំងនឹងការជ្រៀតជ្រែកទាំងឡាយរបស់រទេស។ កម្ពុជាមានកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងជាប្រទេសដែលស្មើភាព និងស្មើសិទ្ធិ។ កម្ពុជាប្រឆាំងដាច់ ខាតនូវការជ្រៀតជ្រែករបស់បរទេសមកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ ដូច្នេះការរំលាយគណបក្សដែលទទួលការបង្គាប់បញ្ជា និងឃុបឃិតជាមួយបរទេសគឺដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជន។
ទី៤៖ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជាដែលជាក្តីប្រាថ្នារបស់ប្រជាជនគ្រប់រូបរួមនឹងបក្សប្រឆាំងផងដែរ។ លទ្ធិប្រជាធិបតេយ្យដែលរឹងមាំត្រូវមាននីតិរដ្ឋ មានការគោរពច្បាប់។ ដូច្នេះ វាមានភាពចាំបាច់ដែលត្រូវលុបបំបាត់កម្លាំងនយោបាយដែលប៉ុនប៉ុងបង្កចលាចល បង្ហាញសន្តិភាព បំផ្លាញសេចក្តីសុខរបស់រាស្ត្រខ្មែរ ដើម្បីធានាស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់ក្នុងសង្គម។
ដូច្នេះការជំនុំជម្រះក្តីលើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះគឺជាថ្ងៃអវសាននៃជីវិតអ្នកនយោបាយ និងបក្សដែលក្បត់កម្ពុជា ហើយជម្រើសសម្រាប់កម្ពុជានៅពេលនេះ ជាជម្រើសជាតិ ជម្រើសសន្តិភាព និងប្តេជ្ញាចិត្តលើផ្លូវប្រជាធិបតេយ្យសេរី ពហុបក្សដែលមិនបំផ្លាញសន្តិភាពដើម្បីជាតិមានជីវិតដើរទៅមុខជានិច្ច។ សវនាការចាប់ផ្តើមពេលណា សំឡេងភ្លេងខ្លងខែក ក៏នឹងបន្លឺនៅពេលនោះដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនបក្សក្បត់ កម្ពុជា និងសូមឱ្យផ្សែងខ្មៅនៃអំពើក្បត់ជាតិហោះហើរចេញពីកម្ពុជា! ថ្ងៃទី១៦ វិច្ឆិកា ជាថ្ងៃអង្សារសម្រាប់ក្រុមជន ក្បត់ជាតិកម្ពុជា!
ktk168